សពយុវជនម្នាក់ ត្រូវបាន ពលរដ្ឋ ប្រទះឃើញ ដេកផ្កាប់មុខស្លាប់ នៅក្នុងទឹកអូរ
បាត់ដំបង ៖ ប្រជាពលរដ្ឋប្រទះឃើញ សពយុវជនម្នាក់ ដេកផ្កាប់មុខស្លាប់ នៅក្នុងទឹកអូរ ដោយនៅដៃមានការឧបករណ៍សម្រាប់រកត្រីជាមួយផង ទើបធ្វើអោយសមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះអាច កើតជំងឺខ្យល់គ ដួលផ្កាប់មុខ នៅក្នុងទឹក ស្លាប់តែម្តង ។
ការភ្ញាក់ផ្អើលនេះ គឺបានកើតឡើង កាលពី វេលាម៉ោង៦ និង២៣នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចអូរតាឆុន ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយមានប្រជាពលរដ្ឋ ដែលធ្វើចំការនៅម្តុំនោះ បានប្រទះឃើញមានសពមនុស្សម្នាក់បានស្លាប់ នៅក្នុងទឹកអូរ ហើយភ្លាមៗនោះដែរជនរងគ្រោះមិនមានអ្នកណាស្គាល់អំពីអត្តសញ្ញាណឡើយដោយ គេទំនងជាមនុស្សចំណាកស្រុកមករកស៊ីធ្វើកម្មករនៅក្នុងតំបន់នេះ ។
នគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ជនរងគ្រោះ អាចកើតខ្យល់គ ហើយបានដួលផ្កាប់មុខស្លាប់នៅក្នុងទឹកអូរនោះតែម្តង ខណៈដែល ជនរងគ្រោះកំពុងដើររកត្រីនៅក្នុងអូរ ព្រោះនៅដៃមានកាន់កាំបិត និងស្នមួយដើមផង ដោយភ្លាមៗនោះដែរ គឺគ្មានអ្នកណាម្នាក់ស្គាល់ពីសាវតារ ជនរងគ្រោះឡើយ ប៉ុន្តែ ក្រោយមក ស្រាប់តែមានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ដោយជនរងគ្រោះ មានឈ្មោះ និន ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ដោយសមត្ថកិច្ច បានអះអាងបន្ថែមថា ការស្លាប់របស់ជនរងគ្រោះពុំមានការពាក់ព័ន្ធ ទៅនឹងករណីឃាតកម្មអ្វីឡើយ ៕