ផ្សព្វផ្សាយ អំពីបញ្ហាសារធាតុគីមីក្នុងម្ហូបអាហារ ដល់ពលរដ្ឋ សិស្សានុសិស្សឃុំបន្ទាយឆ្មា
បន្ទាយមានជ័យ ៖ មានការចោទសួរ និងឆ្លើយយ៉ាងផុសផុលរវាង មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋ សិស្សានុសិស្សឃុំបន្ទាយឆ្មា ចំនួន១២០នាក់ អំពីបញ្ហាសារធាតុគីមីក្នុងម្ហូបអាហារ ។
ការចោទសួរ និងឆ្លើយសំនួរ នេះ ធ្វើឡើងក្នុងពេលដែលមន្ត្រីកាំកុងត្រូល សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រៀន និងណែនាំពីគុណភាពម្ហូបអាហារ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ។
លោក ហុង លៀង អនុប្រធានទី១ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្ថិតិទីផ្សារ បានអោយដឹងថា ដោយអនុវត្តតាមបញ្ជារបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រៅពីការចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ និងការបង្ក្រាប ការនាំចូលទំនិញខូចគុណភាព ក្រុមការងារតែងចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋពីគុណភាពម្ហូបអាហារ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រៀនណែនាំប្រជាពលរដ្ឋ និងសិស្សានុសិស្ស អោយស្គាល់ពីប្រភេទទំនិញខូចគុណភាព ការមើលពីសុពលភាពទំនិញ ប្រភេទទំនិញដែលច្បាប់ហាមឃាត់មិនមានការដាក់លក់លើទីផ្សារកម្ពុជា ជាដើម ។
ជាមួយគ្នានេះ មន្ត្រីជំនាញសាខាកាំកុងត្រូល បានធ្វើការបង្ហាញផលិតផលជាចំណីអាហារដែលត្រូវបានហាមឃាត់កុំអោយមានការដាក់លក់ និងទទួលទាន រួមមាន កម្ទេចមី ដែលច្រកក្នុងថង់គ្មានស្លាក់ សញ្ញា ឬការវេចខ្ចប់ ដោយយកសំបកផ្សេងមកខ្ចប់ អូវ៉ាន់ទីន ច្រក និងថង់លាត ទឹកខ្មេះសញ្ញារូបទន្សាយដែលជាទឹកខ្មេះត្រូវបានហាមឃាត់មិនអោយបរិភោគ និងគ្រឿងកំប៉ុងជាច្រើនទៀត ដែលគ្មានអាសយដ្ឋានផលិតច្បាស់លាស់ ហួសកាលបរិច្ឆេទ ឬកំប៉ុងច្រេះ ជាដើម ។
តាមរយៈការណែនាំបង្ហាញ ពីសំណាក់មន្ត្រីជំនាញកាំកុងត្រូល ធ្វើអោយសិស្សានុសិស្ស ប្រជាពលរដ្ឋកាន់តែយល់ដឹងខ្ពស់ ដោយបញ្ឈប់ការទទួលទាននូវចំណីអាហារ ណា ដែលគ្មានគុណភាព និងហាមឃាត់ ហើយបន្តទៅផ្សព្វផ្សាយដល់ មិត្តភក្តី និងពលរដ្ឋដទៃទៀត ។
លោក វ៉ែន សំអូន មេឃុំបន្ទាយឆ្មា បានអោយដឹងថា លោកនឹងបន្តធ្វើការផ្សព្វផ្សាយបន្ថែមទៀត ទៅដល់ពលរដ្ឋ និងសហគមន៍ទូទាំងឃុំ ដើម្បីបញ្ចៀសការទទួលទាន់ និងប្រើប្រាស់ទំនិញដែលគ្មានគុណភាព ដែលជាហេតុធ្វើអោយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ៕