រថយន្ដ VIP របស់ក្រុមហ៊ុន វីរៈប៊ុនថាំ និងឡានដឹកខ្សាច់ បុកគ្នា មនុស្សរបួសធ្ងន់ចំនួន៨នាក់ និងស្រាល២នាក់
បាត់ដំបង ៖ រថយន្តVIP របស់ក្រុមហ៊ុន វីរៈប៊ុនថាំ បើកបរ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តបាត់ដំបង ក្នុងល្បឿនលឿន ជ្រុលទៅបុក នឹងរថយន្តដឹកខ្សាច់ ចំពីក្រោយពេញមួយទំហឹងបណ្តាលអោយមនុស្សរងរបួសធ្ងន់ចំនួន៨នាក់ និងស្រាល២នាក់ ។
ឧបទ្ទវហេតុ ដ៏រន្ធត់នេះ បានកើតឡើងនៅវេលា ម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិថ្នលបត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្តម៉ាកតូយូតា HIACEពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK-2615 និងរថយន្តដឹកខ្សាច់មិនស្គាល់ ម៉ាក និងមិនស្គាល់ស្លាកលេខ ។
សមត្ថកិច្ច ស្រុកមោងឫស្សី បានឲ្យដឹងថា ក្រោយពីកំលាំងសមត្ថកិច្ចប៉ុស្តិ៍យើង បានចុះទៅកន្លែងកើតហេតុ ប៉ុន្តែរថយន្តដឹកខ្សាច់បានបើកគេចខ្លួនបាត់ទៅហើយ ។ ដោយឡែក ចំពោះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានធ្វើដំណើរពីភ្នំពេញ ទៅបាត់ដំបង គឺមានសភាពខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីកំលាំងបានយករថយន្តសាមុយទៅដឹកជញ្ជូនជនរងគ្រោះដែលជាប់នៅក្នុង រថយន្តដើម្បីបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកស្រុករួចមក គឺសង្កេតឃើញថា មនុស្សចំនួន១០នាក់ ដែលក្នុងនោះមានស្រី៥នាក់ ដោយពួកគេរងរបួសធ្ងន់ ចំនួន៨នាក់ និងស្រាល ២នាក់ អ្នកបើកបររថយន្ដមានឈ្មោះ គីម ទ្រី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ។ ចំណែករថយន្ត ក៏បានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ខេត្តផងដែររងចាំការដោះស្រាយនូវពេលក្រោយ ៕