ជនរងគ្រោះនៃអំពើទារុណកម្មទាំងឡាយ ត្រូវបាន ការពារដោយច្បាប់
ភ្នំពេញ ៖ ជនរងគ្រោះនៃអំពើទារុណកម្មទាំងឡាយត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា រីឯជនល្មើសប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមនេះ ក៏ត្រូវបានច្បាប់កំណត់ទោសទណ្ឌដោយតឹងរ៉ឹងផងដែរ ។
កាលពីពេលថ្មីៗនេះ មានករណីអំពើទារុណកម្មមួយកើតឡើង នាខណ្ឌពោធិ៍សែនជ័យ ដោយលោកយាយចំណាស់ម្នាក់ បានវាយដំចៅស្រីអាយុ៦ឆ្នាំ បណ្ដាលឲ្យរងរបួស ។ លោកយាយអាយុ៥៩រូបនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ ឃាត់ខ្លួនភ្លាមៗ ក្រោយពីក្រុមគ្រូពេទ្យបញ្ជាក់ថា ក្មេងស្រីបានរងនូវទារុណកម្ម ។ ក្រោយបំពេញសំណុំឯកសាររួចហើយ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនលោកយាយរូបនេះ មកតុលាការដើម្បីចាត់ការតាមច្បាប់ ។
លោក លី សុផាណា អ្នកនាំពាក្យតុលាការ បញ្ជាក់ថា លោកយាយ ត្រូវបានលោកស្រី វ៉ា សក្តា ជាព្រះរាជអាជ្ញារង សម្រេចចោទប្រកាន់កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ។ បទល្មើសដែលធ្វើឡើងប្រឆាំងលោកយាយនាពេលនេះ គឺ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ ។ និយមន័យនៃបទចោទប្រកាន់នេះ នឹងអាចធ្វើឲ្យលោកយាយ ជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
រហូតដល់ទល់រសៀលថ្ងៃទី២៦ ខែកក្កដា លោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន លោកយាយរូបនេះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ មិនត្រឹមតែអំពើទារុណកម្មនោះទេ ដែលច្បាប់កំណត់អំពីទោសទណ្ឌលើជនល្មើស ។ ដោយឡែក រាល់អំពើអ្វីទាំងអស់ដែលធ្វើឡើងផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានផ្តន្ទាទោស តាមកម្រិតនៃការប្រព្រឹត្តផងដែរ ៕
ដកស្រង់ ៖ គេហទំព័របាយ័ន