រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នា មនុស្សរបួសធ្ងន់-ស្រាល១៣នាក់ នៅស្រុកសន្ទុក
កំពង់ធំ ៖ រថយន្តតូចធំ ចំនួន៥គ្រឿង បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យភ្ញៀវជនជាតិវៀតណាម៥នាក់ ៣នាក់ បាក់ដៃ ២នាក់របួសស្រាល និងអ្នករងរបួសចំនួន ៨នាក់ ទៀតជាពលរដ្ឋខ្មែរ សរុប១៣នាក់ ។
លោក អធិការងទទួលផែនចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ក្រុងប្រភេទ២៥កៅអី បានបើកចេញពីភ្នំពេញ លុះមកដល់ចំនុចជញ្ជីងថ្លឹងរថយន្ត ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងជាចំនុចផ្លូវកោង ក៏បណ្តាលឲ្យរអិលធ្លាក់ទីស្នាមភ្លោះ ក្រឡាប់ផ្ងារជើង នៅវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៦ ក្រោយមកមានរថយន្តជាច្រើនគ្រឿង នាំគ្នាបង្អន់ល្បឿន ដើម្បីមើលរថយន្តក្រឡាប់ គឺរថយន្តម៉ាក នីសាន់បើកមុខគេ ក្រោយមករថយន្តក្រុងរបស់ក្រុមហ៊ុនវៀតណាម បានបង្អន់ល្បឿន ស្រាប់តែរថយន្តយីឌុប ៥ភ្លៅដឹកឈើជាង៦ ម៉ែត្រគូប ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-2654 បុកពីក្រោយ រថយន្តក្រុងពាក់ស្លាកលេខ 51B- 19964 ពណ៌ក្រហម ជ្រុលទៅបុករថយន្តនីសាន់ ពាក់ស្លាកលេខ រដ្ឋ36-2-0/93 ពណ៌ស ពីក្រោយរបស់អង្គភាពស៊ីម៉ាក់ ចំណែករថយន្តស៊ីម៉ាក់ជ្រុលទៅបុកនិងរថយន្តហ្វត មួយគ្រឿងទៀត ក្រោយពីកើត ហេតុម្ចាស់រថយន្តហ្វត ពុំមានអ្វីខូចខាតធ្ងន់ធ្ងរ ក៏ឡើងរថយន្តបើកទៅដោយសុវត្ថិភាព ចំណែក រថយន្តដែលខូចខាត ធ្ងន់ធ្ងរ គឺនៅចតកន្លែងកើតហេតុរងចាំដោះស្រាយ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលរថយន្តយីឌុប៥ភ្លៅ ដឹកឈើដោយខុសច្បាប់ បើកបរ លឿន ព្រោះខ្លាចសមត្ថកិច្ចតាមទាន់ ក៏ជ្រុលទៅបុកចំម៉ាស៊ីនរបស់រថយន្តក្រុងរបស់ក្រុមហ៊ុន វៀតណាម បណ្តាលឲ្យរថយន្តទាំងពីគាបខាំគ្នាជាប់ ខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯរថយន្តនីសាន់ត្រូវបានខូចខាត ពីក្រោយ ។
សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា តែកុងឡានក្រុងរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ឡេ អ៊ូតាយ ភេទប្រុស អាយុ ៤៦ឆ្នាំ រីឯតៃកុងរថយន្តឯទៀតពុំមានឈ្មោះ នោះទេ ដោយសារខ្លះទៅមន្ទីរពេទ្យ ខ្លះរត់គេចខ្លួនបាត់អស់ ។
សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ បច្ចុប្បន្ន ផ្លូវមានស្ថានភាពរអិល នៅពេលមានភ្លៀងធ្លាក់ម្តងៗ ជាហេតុធ្វើ ឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ដូច្នេះសុំឲ្យអ្នកធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ ធំ បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍៕