អឺរ៉ុបទម្លាក់ កញ្ចប់ថវិកាសម្រាប់ឧបត្ថម្ភ ដល់សាលាក្ដីខ្មែរក្រហម
ភ្នំពេញ ៖ អនុវត្តតាមការសន្យាកាលពីឆ្នាំមុន ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងទឹកប្រាក់សរុបចំនួន ៨,៩ លានអឺរ៉ូ ជូនអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រាប់ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៦ សហភាពអឺរ៉ុប បានធ្វើការទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភចុងក្រោយ របស់ខ្លួនដែលមានទឹកប្រាក់ចំនួន ២,៩ លានអឺរ៉ូ ក្នុងនោះ ថវិកាចំនួន ១,៥ លានអឺរ៉ូ សម្រាប់គាំទ្រភាគីអន្តរជាតិ និង ១,៤ លានអឺរ៉ុប ទៀត សម្រាប់ភាគីជាតិនៃ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា។
សហភាពអឺរ៉ុបជាម្ចាស់ជំនួយធំ មួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់ អ.វ.ត.ក ហើយការទម្លាក់កញ្ចប់ថវិកាចុងក្រោយនេះ ធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់ អ.វ.ត.ក មានចំនួនសរុប ១៦,២ លានអឺរ៉ូហើយ ចាប់ពីដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញ តាំងពីឆ្នាំ ២០០៦ មក។
លោកក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក Knut Rosandhaug អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានមានប្រសាសន៍ថា “ក្នុងនាម អ.វ.ត.ក យើងខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះការបន្តឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សហភាពអឺរ៉ុប”៕