មនុស្ស៣នាក់ស្លាប់ របួសធ្ងន់-ស្រាល១៦នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៥ខែកក្កដា
ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់ ៦លើក ) បណ្តាលអោយមនុស្សស្លាប់ ៣នាក់ ( ស្រី ២នាក់ ) រងរបួសធ្ងន់ ១០នាក់ ( ប្រុស ) និងរបួសស្រាល ៦នាក់ ( ប្រុស ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង ។ សូមបញ្ជាក់ថា របាយការណ៍នេះ គឺ គិតចាប់ពីម៉ោង ១៤ ថ្ងៃទី២៤ ខែកក្កដា ដល់ម៉ោង ១៤ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក ( ស្លាប់ ១នាក់) , មិនគោរពសិទ្ធិ ២លើក ( ស្លាប់ ១នាក់) , ស្រវឹង ១លើក ( ស្លាប់ ១នាក់) , មិនប្រកាន់ស្តាំ ១លើក , និងបត់គ្រោះថ្នាក់ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១១នាក់ ( យប់ ៦នាក់ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ៖ ផ្លូវជាតិ ចំនួន ៦លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក និងរថយន្តធុនតូច ៥លើក ។
របាយការណ៍ បានបន្ដទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ៣លើក ស្លាប់ ២នាក់ ( ស្រី ) របួស ៨នាក់ ( ស្រី ៤នាក់ ) និងខេត្តកំពង់ឆ្នាំង ១លើក ស្លាប់ ១នាក់ ។
របាយការណ៍ដដែល បានបន្ថែមទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៣៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ៩៥១គ្រឿង និងពិន័យសរុប ចំនួន ១៤០៣គ្រឿង ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ នារសៀលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ៕