ស្នងការដ្ឋានខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពយេនឌ័រ
សៀមរាប ៖ ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តបេសកម្ម ប្រារព្ធនូវកម្មវិធីបើកបណ្ដុះបណ្ដាល ស្តីពីការពង្រឹងសមត្ថភាពចំណេះដឹងយេនឌ័រ និងការពារកុមារ ពីការរំលោភបំពានផ្លូវភេទ រយៈពេល០៤ថ្ងៃ ដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ពិធីនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ត្រី មុំ សាឃន អនុប្រធាននាយកដ្ឋាន អង្គរក្ស ជាសមាជិកក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកស្រីឧត្តមសេនីយ៍ត្រី សុខ សំ ស្នងការរង ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស ជាប្រធានក្រុមការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម លោក លោកស្រី ជាប្រធានក្រុមការងារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាគ្រូឧទ្ទេសនាម លោកស្នងការរង នាយ នាយរងការិយាល័យ ជាភ្ញៀវកិត្តិយស និងមន្ត្រីនគរបាលចំនួន៣០នាក់ ជាសិក្ខាការចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត។
លោកស្រីឧត្តមសេនីយ៍ត្រី សុខ សំ ស្នងការរង និងលោកស្រីឧត្តមសេនីយ៍ត្រី មុំ សាឃន បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុក្ខក្រេបយកនូវចំណេះដឹងពីគ្រូបង្គោល ត្រូវក្លាហានសួររាល់ចម្ងល់ដែលទាក់ទង និងវគ្គបណ្ដុះបណ្ដាលនាពេលនេះ ដើម្បីជាចំណេះដឹង និងយកទៅធ្វើការផ្សព្វផ្សាយបន្តដល់មន្ត្រីនគរបាលផ្សេងទៀត។ ក្នុងនោះគណៈអធិបតី បានធ្វើការជូនពរ ដល់សិក្ខាកាមទាំងអស់ សូមទទួលបាននូវលទ្ធផលល្អ ក្នុងវគ្គបណ្ដុះបណ្ដាល និងបំពេញភារកិច្ចទទួលបានជោគជ័យ៕