បណ្ដេញជនជាតិវៀតណាម១១នាក់ មកស្នាក់នៅខុសច្បាប់ ចេញប្រទេសកម្ពុជា
ភ្នំពេញ៖ ជនជាតិវៀតណាម ចំនួន ១១នាក់ ( ស្រី ១នាក់ ) ត្រូវបាននគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួននាំទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការតាមច្បាប់ ដោយសារលួចឆ្លងដែន គ្មានលិខិតឆ្លងដែន ធ្វើការងារ និងកំពុងស្នាក់នៅដោយខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ៦ និង២០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ បានចុះធ្វើការត្រួតពិនិត្យជនបរទេស ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុង បុរី ចំការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ខ្លួនជនជាតិវៀតណាម បានចំនួន ១១ នាក់ (ស្រី ចំនួន ១ នាក់) បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ច ប្រាប់បន្តឲ្យដឹងថា ប្រតិបត្តិការណ៍ចុះបង្ក្រាបជនជាតិវៀតណាមអន្តោប្រវេសន៍ខុសច្បាប់ទាំង ១១នាក់នេះ គឺបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ទើបសមត្ថកិច្ចដាក់កម្លាំងចុះតាមដានបើកការស៊ើបអង្កេត រហូតក្តាប់បានព័ត៌មានច្បាប់លាស់ ក៏ឈានដល់ការបង្ក្រាបឃាត់ខ្លួន នាំទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានទីតាំងនៅមុខព្រលានយន្តហោះភ្នំពេញអន្តរជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធីតាមច្បាប់ ។
សមត្ថកិច្ចប្រាប់បញ្ជាក់ អោយដឹងថា ការត្រួតពិនិត្យនាពេលនេះ រកឃើញជនជាតិវៀតណាម ចំនួន ៥៧នាក់ ( ប្រុស ៥៦នាក់ ស្រី ១នាក់ ) ក្នុងនោះមានក្មេង ១នាក់ ។ ជនជាតិវៀតណាមទាំងនោះ អ្នកមានលិខិតឆ្លងដែន ចំនួន ៤៦នាក់ (ប្រុស ៤៦នាក់) អ្នកអត់លិខិតឆ្លងដែន ចំនួន ១១នាក់ (ប្រុស ១០នាក់ ស្រី ១នាក់) ក្នុងនោះមានក្មេងអាយុ ៣ឆ្នាំ ចំនួន ១នាក់ ។ ដោយឡែក សម្រាប់អ្នកអត់លិខិតឆ្លងដែនទាំង ១១នាក់ ត្រូវបាននាំយកទៅអគ្គនាយកដ្ឋាន ដើម្បីអនុវត្តនីតិវិធីតាមច្បាប់។
ជាគ្នានេះផងដែរលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ក៏បានធ្វើការអំពាវនាវទៅដល់ជនបរទេសទាំងអស់ ដែលចង់មករកស៊ីនៅក្នុងប្រទេសកម្ពុជាក្តី ឬ ចង់មកទស្សនាតាមរមណីយដ្ឋាន នានានៅក្នុងប្រទេសកម្ពុជាក្តី ត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន បើមិនដូច្នោះទេ សមត្ថកិច្ចរបស់លោក និងចាត់វិធានការតាមផ្លូវច្បាប់៕