ការចុះបញ្ជីដីធ្លី ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ យកទៅប្រើប្រាស់
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការចុះបញ្ជីដីធ្លីនេះពិតជា មានសារៈប្រយោជន៍ ណាស់ សម្រាប់ប្រជាពលរដ្ឋ ព្រោះកាលណាប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិដីធ្លីនោះ បញ្ហាទំនាស់ដីធ្លី ត្រូវបានកាត់បន្ថយ ហើយវាក៏អាចអោយប្រជាពលរដ្ឋម្ចាស់ដីក្រោយ ទទួលបានប័ណ្ណកម្មសិទ្ធិអាចយកទៅប្រើប្រាស់តាមត្រូវការ។
លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦ កក្កដា ២០១៦ នេះ មានការចូលរួមពីមន្ត្រីរាជការ និង ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីយ៉ាងច្រើនផងដែរ។
តាមរបាយការណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា សម្រាប់ទិន្នន័យក្បាលដីដែលត្រូវបានបិទផ្សាយនៅក្នុងភូមិពោធិពីរដើមឃុំរហាត់ទឹកស្រុកមង្គលបូរីមានចំនួន ១.១៧១ ក្បាលដី។
លោក លី សារី អភិបាលរង បានបន្តថា ប្រជាពលរដ្ឋក្លាយជាម្ចាស់ដីពិតប្រាកដទៅតាមច្បាប់ហើយមានលទ្ធភាព គ្រប់គ្រាន់ក្នុងពង្រីករបរកសិកម្មឬមុខរបរផ្សេងទៀតលើដីកម្មសិទ្ធិនេះដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្របានមួយកម្រិតថែមទៀត។រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើកំណែ ទម្រង់លើវិស័យដីធ្លី ដោយបានបែងចែកដីជូនពលរដ្ឋ និងបានបង្កើតចេញនូវយុទ្ធនាការវាស់វែងដីធ្លីដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីក្នុងគោលបំណងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនេះដែរលោក លី សារី បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលបានអញ្ជើញមកទីនេះមេត្តាជួយផ្សព្វផ្សាយ បន្តឱ្យបងប្អូនប្រជាពលរដ្ឋដទៃទៀតដែលមិនបានចូលរួមបានយល់ដឹងនិងចូលរួមពិនិត្យឯកសារ នៃការ វិនិច្ឆ័យដែលបានបិទផ្សាយជាសាធារណៈរយៈពេល១៥ ថ្ងៃនិងបានសំណូមពរដល់អាជ្ញាធរគ្រប់ ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យមេត្តា ផ្តល់ភាព ងាយស្រួលនិងចូលរួមសហការឱ្យបានល្អដើម្បីឱ្យការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ៕