ថ្ងៃ១៨សីហា និងប្រកាសសាលក្រម ករណីគ្រឿងញៀនជិត៥៥គីឡូក្រាម
ភ្នំពេញ ៖ សំណុំរឿងបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំរហូតដល់ជិត៥៥គីឡូក្រាម មានតម្លៃ ជាង៣លាន ដុល្លារ កាលពីពាក់កណ្ដាលឆ្នាំ២០១៥ កន្លងទៅ ដែលមានជនល្មើសជន ជាតិចិន ៣នាក់ និង ស្ត្រីខ្មែរម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជាច្រើនលើកច្រើនសារ ។ ទីបំផុត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ សម្រេចប្រកាសសាលក្រមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ។
ក្រុមជនជាប់ចោទមានឈ្មោះ តឹង យ៉ាន់ភីង ជនជាតិចិន អាយុ៤៣ឆ្នាំ ឈ្មោះ លី យ៉ុនអាយុ ៥៣ឆ្នាំ ឈ្មោះ លីវ សុឺ អាយុ ៤២ឆ្នាំ ចិន ឈ្មោះ ផល រ៉ានី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ តាំ យ៉ាន ជនជាតិចិន (គេចខ្លួន) ។
គួររំលឹកថា សមត្ថកិច្ច បានបង្ក្រាបករណីគ្រឿងញៀននេះចំនួន៤គោលដៅ ៖គោលដៅទី១ ៖ នៅវេលាម៉ោង១៩៖៥០នាទី នៅចំណុចផ្ទះលេខសេ១៩ ផ្លូវបេតុងក្នុងបុរីពេញចិត្ត សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផល រ៉ានី ភេទស្រី ជនជាតិខ្មែរ អាយុ២២ឆ្នាំ ដែលត្រូវជាភរិយារបស់មេក្លោងគ្រឿងញៀន។
ក្នុងការឆែកឆេរនេះ រកឃើញម្សៅក្រាមសង្ស័យគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន០៧កញ្ចប់ធំ ជញ្ជីងថ្លឹង២គ្រឿង ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ម៉ាស៊ីនសម្រួត ១គ្រឿង និងទូដែកចំនួន១។
គោលដៅទី២ ៖ នៅវេលាម៉ោង២២៖៣០នាទី ឆែកឆេរបន្ទប់ជួលលេខ ៦១៥ នៃអាផាតមិន LEE ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ LI YONG ភេទប្រុស ជនជាតិចិន មុខរបរបច្ចេកទេសផ្សំថ្នាំញៀន ។ ជាលទ្ធផល រកឃើញវត្ថុតាងរួមមាន ម្សៅក្រាមសង្ស័យគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១៤កញ្ចប់ ក្នុង៦កញ្ចប់ធំនិង៨កញ្ចប់តូច ព្រមទាំងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន១គ្រឿង ។
គោលដៅទី៣ ៖ នៅវេលាម៉ោង២២៖៣០នាទី ឆែកឆេរបន្ទប់ជួល៧ Apartment លាលូន សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ DENG YUAN PING ភេទប្រុស ជនជាតិចិន កើតឆ្នាំ១៩៦២ ជំនាញខាងមន្ទីរពិសោធន៍ និងចាប់យកវត្ថុតាង Ice ០១កញ្ចប់ wy ៣០គ្រាប់។
ទី៤៖គោលដៅទី៤ ចាប់បានមេក្លោងដែលជាអ្នកដឹកនាំក្នុងការជួញដូរ រក្សាទុក កែច្នៃគ្រឿងញៀន ឈ្មោះ លីវ ស៊ឺ នៅខេត្តស្ទឹងត្រែង ។
លោក ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានបញ្ជាក់ថា សរុបលទ្ធផលប្រត្តិបត្តការនេះ គឺសមត្ថកិច្ចបាន បង្ក្រាបគ្រឿងញៀនចំនួន៥៤៥៩៩,៦០ ក្រាម ៕
ដកស្រង់ ៖ គេហទំព័របាយ័ន