៧ខែដើមឆ្នាំនេះ មនុស្សជាង៣៤០នាក់ស្លាប់និងរបួស ដោយសារគ្រោះធម្មជាតិ
ភ្នំពេញ ៖ ចំនួនអ្នកស្លាប់ និងរងរបួសជាង៣៤០នាក់ រួមនិងផ្ទះសម្បែង ប្រជាពលរដ្ឋជិតប្រាំបីពាន់ខ្នងបានខូចខាតទាំងស្រុង និងមធ្យមដោយសារគ្រោះធម្មជាតិ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៦នេះ ហើយតួលេខនេះកើនឡើងតិចតួចបើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំទៅ។ នេះបើតាមលោក កែវ វីនាយខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក កែវ វី បានបន្ដថា ថា ចាប់ពីខែ មករា ដល់ខែកក្កដានេះ ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់បានកើតឡើង២០១លើក ហើយ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១២នាក់រងរបួសចំនួន១៦១នាក់ ផ្ទះដែលខូចខាតទាំងស្រុងចំនួន១៤៤៦ខ្នង មធ្យម ចំនួន៦៤១៥ខ្នង សាលា៣៩ខ្នង និងអគារផ្សេងៗចំនួន៣៣ខ្នង។ តួលេខនេះ បានកើនឡើងតិចតួចលេខនេះបានកើនឡើងតិចតួច ដែលកាលពីឆ្នាំទៅ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋខូចខាតទាំងស្រុង និងមធ្យមចំនួនត្រឹមតែ៧៣៣០ខ្នងនិងអ្នកស្លាប់១០ របួស១៦១១នាក់។ ដោយឡែកសម្រាប់រន្ទះបាញ់វិញបានសម្លាប់មនុស្សចំនួន៧៨នាក់ របួស៩៦នាក់ គោក្របីចំនួន៦០ក្បាល និងផ្ទះសម្បែង៩ខ្នង ហើយតួលេខនេះបានកើនឡើងជាងឆ្នាំកន្លងទៅច្រើន។ តែយ៉ាងណាក៏ដោយករណីរន្ទះបាញ់នេះបានកើតឡើងភាគច្រើននៅតាមទីជនបទនិងទីដាច់ស្រយាលជាដើម។
លោក កែវ វី បានបន្តថា ក្នុងរយៈពេលចុងក្រោយនេះមានករណីគ្រោះធម្មជាតិជាច្រើនបានកើតឡើងនៅប្រទេសកម្ពុជា ជាបន្តបន្ទាប់ ដូច្នេះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯងជាពិសេសគប្បីកុំបើបប្រព័ន្ធអេឡិចត្រូនិច ខណៈដែលមេឃមិនអំណោយផលនោះ៕
ដកស្រង់ ៖ គេហទំព័របាយ័ន