លោក កែវ វី ៖ រាជរដ្ឋាភិបាល មានគំរោងដាក់ប្រព័ន្ធការពាររន្ទះនៅតាមតំបន់មួយចំនួន
ភ្នំពេញ ៖ ដើម្បីការពារហានិភ័យពីគ្រោះថ្នាក់រន្ទះបាញ់ដល់បងប្អូនប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលនឹង មានគម្រោងដាក់ប្រព័ន្ធការពាររន្ទះនៅតាមខេត្តនិងតំបន់មួយចំនួនទៀត ខណៈករណីរន្ទះបាញ់បានសម្លាប់មនុស្សរាប់ រយនាក់ ក្នុងមួយឆ្នាំៗនោះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹង ថា រាជរដ្ឋាភិបាល នឹងមានគំរោងដាក់ប្រព័ន្ធការពាររន្ទះដើម្បីការពារអាយុជីវិត របស់បងប្អូនប្រជាពល តែយ៉ាងណាក្តីលោកមិនទាន់ដឹងពេលវេលាច្បាស់លាស់ថា គំរោងនេះគ្រោង នឹងដាក់ពេលណានោះទេ គឺរងចាំពេលដែលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់សិន។
ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែធ្វើការអំពាវនាវ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នានា ដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះករណីរន្ទះបាញ់ខណៈគ្រោះធម្មជាតិមួយនេះ បានសម្លាប់មនុស្សជាច្រើននាពេលកន្លងមកនោះ។ តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋភាគច្រើន ក៏មានការយល់ដឹងច្រើនផងដែរអំពីរបៀបនៃការការពាររន្ទះនេះ។
សូមរំលឹកថា អ្នកស្លាប់ដោយសាររន្ទះបាញ់រយៈពេលប្រាំពីរខែដើមឆ្នាំនេះ គឺមានចំនួន៧៨នាក់ របួស៩៦នាក់ គោក្របីចំនួន៦០ក្បាល និងផ្ទះសម្បែង៩ខ្នង ហើយតួលេខនេះបានកើនឡើងជាងឆ្នាំកន្លងទៅច្រើន៕