កម្លាំងមេព្រៃសហការ ជាមួយទាហានការពារព្រំដែន បង្ក្រាបឈើគ្រញូងជាង៥៦ដុំ
ព្រះវិហារ ៖ មន្ត្រីរដ្ឋបាលព្រៃឈើជាំក្សាន្តសហការជាមួយអង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៤០៥ប្រចាំច្រកអានសេះ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចុះរឹបអូសគំនរឈើគ្រញូងប្រភេទក្រាក់ និងកូនក្រទ្បឹង ដែលធ្វើសន្និធិក្បែរជើងភ្នំអានសេះ កាលពីរសៀលថ្ងៃទី២៤កក្កដា២០១៦ ម្សិលមិញនេះ ។
សេចក្តីរាយការណ៍ពីតំបន់ព្រំដែនប្រាសាទព្រះវិហារ បានអោយដឹងថា ក្រុមពលករខ្មែរភាគច្រើនស៊ីឈ្នួលស្ពាយឈើគ្រញូងអស់រយះពេលជិត៨ឆ្នាំ មកហើយចេញពីទឹកដីថៃចូលមកកម្ពុជាតាមច្រកភ្នំ៥០០ក្បែរច្រកតាថាវ និងច្រកព្រលានតាសេកស្ថិតក្នុងឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចវរសេនាតូចការពារព្រំដែនលេខ៤០៥តែម្តង។
តាមការអោយដឹងនេះ ជាករណីពិសេសហើយដែលទាហានការពារព្រំដែនលេខ៤០៥យល់ព្រមសហការគ្នាជាមួយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដើម្បីបង្ក្រាបទប់ស្កាត់ និងរឹបអូសបទល្មើសព្រៃឈើតាមព្រំដែនកម្ពុជា-ថៃ។
មន្ត្រីរដ្ឋបាល ព្រៃឈើបានអោយដឹងថា ឈើគ្រញូងដែលជនល្មើសលាក់ទុកដោយខុសច្បាប់ក្បែរជើងភ្នំអានសេះនោះមានចំនួន៥៦ដុំស្មើនឹងទម្ងន់សរុបចំនួន៤២៤គីទ្បូក្រាម ត្រូវបានទាហានការពារព្រំដែនលេខ៤០៥ប្រគល់ជូនលោក ម៉ក់ បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដើម្បីរក្សាទុកនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៦នេះក្រុមឈ្មួញបានចរាចរណ៍ដឹកជញ្ជូនឈើគ្រញូងតាមរថយន្តតូចធំគគ្រឹកគគ្រេងចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារនៅពេលយប់ឆ្ពោះមកកាន់ទីរួមខេត្តព្រះវិហារយ៉ាងរលូនដោយសារមានក្រុមសមត្ថកិច្ចជើងខ្លាំងជាអ្នកកាងផ្លូវផ្តាច់មុខ។
សមត្ថកិច្ចជើងខ្លាំងក៏មានភាគហ៊ុនជាមួយថៅកែគ្រញូងដុះស្លែថែមទៀតទើបធ្វើអោយការបង្ក្រាបបទល្មើសព្រៃឈើ តាមដងផ្លូវគ្មានប្រសិទ្ធភាពអ្វីសោះអស់រយះពេលជិត៨ឆ្នាំមកហើយ៕