ផឹកចំស្រាជេរ បង្កជាអំពើហិង្សា ប្រើកាំបិតកាប់ចំកណ្ដាលក្បាល រងរបួសធ្ងន់ជាទម្ងន់
បាត់ដំបង ៖ ផឹកស៊ីជាមួយគ្នា ទាស់ពាក្យសំដី ទើបឈានដល់ការប្រើអំពើហិង្សា យុវជនឈាមរាវ ប្រើកាំបិតកាប់ដំឡូង កាប់ចំកណ្តាលក្បាល បុរសវ័យចំណាស់ម្នាក់ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ និងដួលដេកក្នុងថ្លុកឈាម ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងស្នួល ឃុំ អំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
របាយការណ៍របស់កងរាជអាវុធហត្ថស្រុកកំរៀង បានបញ្ជាក់ថា មុនពេលកើតហេតុគឺជនសង្ស័យបានជួបជុំគ្នាផឹកស៊ី ជាមួយនឹងអ្នកភូមិជិតខាង ដែលក្នុងនោះក៏មានជនរងគ្រោះ ឈ្មោះ កឿន ឡូញ ភេទប្រុស អាយុ៤៦ឆ្នាំ បានចូលរួមផឹកស៊ី អូសបន្លាយពេលតាំងពីព្រឹក រហូតដល់ ថ្ងៃត្រង់ក៏នៅតែមិនទាន់ឈប់ ដោយម្នាក់ៗ មានសភាព ស្រវឹងជោកជាំដូចគ្នា ។
នៅពេលនោះ ជនសង្ស័យឈ្មោះ ចាន់ ថន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានប្រាប់ទៅជនរងគ្រោះ ដែលមានវ័យចំណាស់ជាងថា ផឹកប៉ុណ្ណឹងបានហើយ ល្មមទៅសម្រាកហើយ ដោយសារតែផ្ទះរបស់ជនរងគ្រោះគឺនៅក្បែរ នឹងទីតាំងផឹកស៊ីនោះ ដែលសំដីនេះបានធ្វើអោយបុរសវ័យចំណាស់មានការក្តៅឆេវ ដោយសារតែគេបានយកពាក្យនេះ ទៅនឹងការដេញអោយឈប់ផឹក យ៉ាងដូច្នេះដែរ ទើបបុរសរូបនោះ បានងើបទាំងសភាពទ្រេតទ្រោតហើយដើរតម្រង់ ទៅផ្ទះ ព្រមទាំងបានស្រែកជេរពីផ្ទះមកវិញ ។
ប្រភពដែលនៅជុំវិញទីតាំងកើតហេតុ បាននិយាយថា នៅពេលនោះដែរ គេសង្កេតឃើញថា ជនសង្ស័យ បានស្រែកទៅវិញថា កុំជេរខ្ញុំ បើហ៊ានជេរទៀតកុំថាខ្ញុំកាចអោយសោះ ។ ប៉ុន្តែពេលនោះបុរសវ័យចំណាស់នៅតែជេរជាច្រើនម៉ាត់ ថែមទៀត ស្រាប់តែគេឃើញជនសង្ស័យបានស្ទុះងើបទៅទាញយកកាំបិតសម្រាប់ កាប់មើមដំឡូង ដែលមានប្រវែង ៤ តឹក ដើរតម្រង់ ទៅរកជនរងគ្រោះ ហើយបានកាប់ ទៅលើក្បាលតែម្តង បណ្តាលអោយ រយះយ៉ាងធ្ងន់ធ្ងរ និងមានឈាមហូរស្រោចប្រាណ ហើយក៏ដួលសន្លប់នៅទីនោះតែម្តង ។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កំលាំងបានចេញ ប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ដោយនៅពេលនោះដែរគឺជនបង្កមិនបានរត់គេចខ្លួនទៅណានោះទេ ដោយគេនៅឈរ រេរា ដៃកាន់កាំបិតដើរចុះដើរឡើង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកំប្រង់ ក្នុងស្រុកកំរៀងដើម្បីសង្គ្រោះ ៕