គ្រោះថ្នាក់ចរាចរកើតមាន ជារៀងរាល់ថ្ងៃ លើកំណាត់ផ្លូវជាតិលេខ៦ ពលរដ្ឋសុំឲ្យអាជ្ញាធរជួយទប់ស្កាត់
កំពង់ធំ ៖ មួយរយៈកន្លងមក និងបច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរ បានកើតមានស្ទើរ ជារៀងរាល់ថ្ងៃ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលធ្វើ ប្រជាពលរដ្ឋសំណូមពរ សុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចនគរបាលសណ្ដាប់ធ្នាប់ ជួយទប់ស្កាត់ តាម មធ្យោបាយផ្សេងៗ ដូចជា តាមបែបអប្បិយជំនឿ ជាដើម ចំណែកនគរបាលចរាចរ ដែលដាក់តាម គោលដៅ លើកំណាត់ផ្លូវជាតិសព្វថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា អនុវត្តច្បាប់ ផាក ពិន័យ ច្រើនជាង ការទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបន្តឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរនីមួយៗដែល បានកើតឡើង គឺបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាមួយគ្នានឹងសោកនាដកម្ម គួរឲ្យ សង្វេគ ចំណែកសមត្ថកិច្ចនគរបាលចរាចរណ៍ វិញ ឃើញតែដាក់កុងត្រូល ហៅផាកយានយន្ត តែ ប៉ុណ្ណោះ ដូចជាម៉ូតូ មិនមានស្លាកលេខ និងអ្នកអង្គុយកៅអីខាងមុខ ក្នុងរថយន្តភ្លេចពាក់ខ្សែក្រវ៉ាត់ ជាដើម ។ល។
ប្រជាពលរដ្ឋខ្លះនាំភ័យខ្លាច នឹងមិនហ៊ានឲ្យកូនជិះម៉ូតូ ឬកង់មកសាលារៀនទៀតផង ជា ពិសេសនៅម៉ោងរៀនគួរ នៅពេលយប់ ហើយកត្តាដែលបង្កឲ្យករណីចរាចរកើតឡើងស្ទើរពុំលួស ថ្ងៃនេះ គឺពួកគាត់ឃើញជាក់ស្ដែង គឺអ្នកបើកស្រវឹង ,វ៉ាជែងមិនគោរពច្បាប់,បត់កៀរ ពីមុខភាគីម្ខាង និងបើកល្បឿនលើសច្បាប់កំណត់ ។
ប្រជាពលរដ្ឋទាំងនោះ បានសំណូមពរ សុំលោក អភិបាលខេត្ត និងលោកអភិបាលស្រុក មេត្តាមានវិធានការយ៉ាងណាទប់ស្កាត់ ឬកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រសន្ទុក និងបារាយណ៍នេះផង ដូចជាផ្ដើមគំនិតធ្វើបុណ្យបណ្ដេញ គ្រោះចង្រៃ តាមបែបអប្បិយជំនឿ ជាដើម៕