ចោរប្លន់ម៉ូតូ២នាក់ ធ្វើសកម្មភាព បានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ច
តាកែវ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច នៅស្រុកទ្រាំង ត្រូវបាន កម្លាំងអធិការស្រុកទ្រាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងដូនកែវ ធ្វើការប្រដេញចាប់ខ្លួន បាន នៅវេលាម៉ោង១១និង៣០នាទីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៦ ។
សមត្ថកិច្ច ក្រុងដូនកែវ បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងពីសកម្មភាពវាយប្លន់ យកម៉ូតូមួយគ្រឿងនៅក្នុងទឹកដីស្រុកទ្រាំង ហើយគោលដៅដែលជនសង្ស័យមកគឺទីរួមខេត្តតាកែវ កម្លាំងសមត្ថកិច្ច បានធ្វើការទាក់ទងគ្នា តាមអាយឌី រហូតឃើញមុខសញ្ញាជនសង្ស័យ ក៏បានជិះរថយន្តនិងម៉ូតូធ្វើការដេញស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់ នៅចំណុចជិតសាលាក្រុង ស្ថិតក្នុងភូមិស្នោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ រួមនិងវត្ថុតាងផងដែរ។
ក្រោយសាកសួរចំលើយ បឋមនៅអធិការដ្ឋាននគរបាលក្រុង ជនសង្ស័យទាំង២នាក់នោះមានឈ្មោះទី១. ព្រំ ភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ២ សង្កាត់មិត្តភាព ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ និង ទី២.ឈ្មោះ ញ៉ែម ស៊ឺ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាក្រឹត ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ច បានបន្ដថា ជនរងគ្រោះជាម្ចាស់ម៉ូតូទាំង២នាក់ប្តីប្រពន្ធ មានឈ្មោះ សែម សេងលី ជាប្តី អាយុ៤៤ឆ្នាំ និង ប្រព័ន្ធឈ្មោះ សុខ គឹមហេង អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងអង្គ ឃុំព្រៃស្លិក ស្រុកទ្រាំង ខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួម និងវត្ថុ តាង និង មធ្យោបាយដែលធ្វើសកម្មភាព ដែលត្រូវបានកម្លាំង សមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការតាមនីតិវិធី៕