ស្លាប់ម្ដាយ នឹងកូនតូច និងរងរបួសធ្ងន់៣នាក់ ខណៈរថយន្ដបុកម៉ូតូពេញទំហឹង
បាត់ដំបង ៖ បើកបរខ្វះការប្រុងប្រយ័ត្នទាំងសងខាង បង្កជាគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ និងម៉ូតូ បណ្តាលឲ្យម្តាយ និងកូនស្រី ទើបតែមានអាយុ២ឆ្នាំ ស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងចំណោមមនុស្សចំនួន៥ នាក់។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខវត្តតាសែន ក្នុងភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។
របាយការណ៍ របស់សមត្ថកិច្ច បានអោយដឹងថា នៅមុនពេលកើតហេតុគឺមានម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា ហ្វីណូ ពណ៌ ស គ្មានស្លាកលេខ ដែលមានអ្នកជិះ សុទ្ធសឹងតែជាកូនក្មេង ទាំងអស់ ដោយគ្រាន់តែមានស្ត្រីម្នាក់ ជាអ្នកកាន់ចង្កូតតែប៉ុណ្ណោះ គឺគេបានធ្វើដំណើរ ចេញពីច្រកក្នុងវត្តតាសែន ឆ្ពោះឡើងទៅលើផ្លូវជាតិ ។ ភ្លាមៗនោះដែរ ខណៈដែលម៉ូតូនេះបានឡើងដល់លើផ្លូវធំភ្លាម ក៏ស្រាប់ តែមានរថយន្ត មួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-0199 ដែលកំពុងបោះពួយយ៉ាងលឿន នៅលើផ្លូវជាតិក្នុងទិសដៅពីលិចទៅកើត ហើយបាន បុកទៅលើម៉ូតូនោះ យ៉ាងពេញទំហឹងបណ្តាលអោយអ្នកដែលជិះនៅលើម៉ូតូទាំងអស់ ត្រូវប៉ើង ធ្លាក់ចេញពីផ្លូវទៅលើទ្រូង ថ្នល់ និងព្រៃក្បែរផ្លូវ យ៉ាងរន្ធត់ ។ ដោយឡែក រថយន្ត គួបផ្សំនិងល្បឿនលឿនផងនោះ បានរេចង្កូតទៅឆ្វេងហើយបានក្រឡាប់ផ្ងារជើង។
របាយការណ៍ បានបន្ដថា ក្រោយកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះទៅ ដើម្បីត្រួតពិនិត្យ គឺសង្កេត ឃើញថា អ្នកបើកបររថយន្តបានលូនចេញហើយរត់គេចខ្លួន បាត់ស្រមោលទៅហើយ ដោយឡែកជនរងគ្រោះដែលជាភាគីខាងម៉ូតូនោះគឺស្លាប់ ចំនួន២នាក់ និងរងរបួសធ្ងន់ ចំនួន៣នាក់ ដែលជាកុមារតូចៗ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ។
របាយការណ៍ បានបន្ដទៀតថា អ្នកដែលស្លាប់មានឈ្មោះ គង់ សុខវ៉ាន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្បែរចំណុច កើតហេតុខាងលើ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ម៉ាន់ ដាណេ ត្រូវជាកូនស្រី អាយុ២ឆ្នាំ ក៏ស្លាប់ជាមួយម្តាយដែរ រីឯក្មេងៗ៣នាក់ទៀត គឺត្រូវជាកូនផង និងក្មួយផងដែរ ។
បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំងសងខាង ត្រូវបាន សមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកកំរៀង ដោយឡែកសពម្តាយ និងកូនស្រី ក៏ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕