កូនភ្លោះ៣នាក់ប្រសូត្រក្នុងគ្រួសារក្រីក្រ មានសំណាង ទទួលអំណោយពីសម្ដេច
ឧត្តរមានជ័យ ៖ គ្រួសារដែលសម្រាលបានកូនភ្លោះ៣នាក់ នៅក្នុងស្រុកអន្លង់វែង បានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកទៅប្រគល់ជូនដោយលោក សេង ទៀង និងលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
លោក សេង ទៀង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំង២ តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូន ប្រជាពលរដ្ឋយើង ជាពិសេសប្រជាពលរដ្ឋដែលប្រ សូត្រ បានកូនភ្លោះ៣នាក់។
លោក បានបន្តថា សម្តេចតែងជួយឧបត្ថម្ភជាថវិកានិងសម្ភារៈ ជាការលើកទឹកចិត្ត លើសពីនេះទៅទៀត សម្តេចបានចាត់ទុកកូនភ្លោះ៣ ជាចៅរបស់សម្តេចថែមទៀតផង។លោក សេង ទៀង បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរចំពោះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលបានមកសួរសុខទុក្ខគ្រួសារកូនភ្លោះ៣នេះ ចំនួន២លើកមកហើយ បើប្រៀបធៀបនិងខេត្តផ្សេង គឺមិនដែលមានអភិបាលណា ចុះសួរសុខទុក្ខកូនភ្លោះ៣នោះទេ។ហើយកូនភ្លោះ៣នេះ គឺជាកូនភ្លោះទី២៩៦ហើយ។
អំណោយដែលត្រូវប្រគល់នៅពេលនេះ រួមមាន ៖ ថវិកា៤លានរៀល.អង្ករ២០០គីឡូក្រាម.ទឹកដោះគោកមួយចំនួនធំទៀត ចំពោះកុមារ២នាក់ បងប្អូន ដែលរងគ្រោះដោយផ្ទុះហ្គាស៍រថយន្ត លោក សេង ទៀង បានឧបត្ថម្ភថវិកា១លានរៀលផងដែរ៕