NACC ដាក់លិខិតជូនទូតអឺរ៉ុបប្រចាំកម្ពុជា ឲ្យពិចារណារឿងលោក សម រង្សី សុំឲ្យអឺរ៉ុបបញ្ឈប់ នាំផលិតផលពីប្រទេសកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា (NACC ) យកលិខិតដាក់ជូនឯកឧត្តម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា ដើម្បីស្នើសុំពិចារណាទៅលើសំណើរ របស់លោក សម រង្សីដែល បានសុំអោយសហភាពអឺរ៉ុប បញ្ឈប់នាំផលិតផលពីប្រទេសកម្ពុជា ។
ក្នុងលិខិតសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា ក្នុងនាមតំណាងអោយកម្មករ គឺមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះលោក សម រង្សី ដែលបានស្នើសុំអោយសហភាពអឺរ៉ុបបញ្ឈប់ នាំផលិតផលពីកម្ពុជា ដែលសំណើនេះ វាជាសញ្ញាអវិជ្ជមានមួយធ្វើអោយកម្មករមានកង្វល់ និងមិនសប្បាយចិត្តចំពោះលោក សម រង្សី ដែលមានបំណងធ្វើអោយពួកគាត់ ជួបនូវវិបត្តិអត់ការងារធ្វើ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពគ្រួសាររបស់ពួកគេរាប់លាននាក់ ។
ក្នុងលិខិត សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា ក៏បានស្នើយ៉ាងទទូចដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មេត្តាពិចារណាអោយបានហ្មត់ចត់ និងកុំធ្វើតាមសំណើរបស់លោក សម រង្សី ពីព្រោះការបើកទីផ្សាររបស់សហភាពអឺរ៉ុប នាំចូលផលិតផលពីកម្ពុជាគឺវាបានផ្តល់ការងារនិងមុខរបរយ៉ាងធំធេង សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបច្ចុប្បន្ននេះកំពុងតែពឹងផ្អែក យ៉ាងចាំបាច់លើវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និង ស្បែកជើង ។
ពាក់ព័ន្ធនឹងសំណើរនេះ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានស្វាគមន៍ ចំពោះប្រតិភូរបស់សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា-NACC ។ លោក ឯកអគ្គរដ្ឋទូត បានលើកឡើងថា មកដល់ពេលនេះ លោកមិនទាន់បានឃើញលិខិតផ្លូវការនៃសំណើរបស់លោក សម រង្សី ក្នុងការស្នើសុំអោយសហភាពអឺរ៉ុប បញ្ឈប់ការនាំចូលផលិតផលពីកម្ពុជានោះទេ គឺលោកលឺតែតាមព័ត៌មានប៉ុណ្ណោះ ហើយលោកនឹងពិនិត្យសិក្សាទៅលើលិខិតសំណើរបស់សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា ដែលស្នើរ អោយសហភាពអឺរ៉ុប ដើម្បីពិនិត្យពិចារណាលើរឿងនេះ ៕