សម្តេចតេជោហ៊ុន សែន ប្រកាសរក្សាទុក ចំណតរថយន្តក្រុងសិរីសោភ័ណឲ្យនៅដដែល
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅជុំវិញបេនឡាន សិរីសោភ័ណ នៅព្រឹកថ្ងៃទី២២កក្កដា បាននាំគ្នាអរគុណនិងគាំទ្របោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ដទៀត បន្ទាប់ពីសម្តេច បានប្រកាសជាច្រើនលើកថា រក្សាចំណតរថយន្តក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ឲ្យនៅដដែល ដោយគ្មានការដោះដូរឡើយ ។
ការថ្លែងបែបនេះ របស់សម្ដេចនាយករដ្ឋមន្ដ្រី កាលពីរសៀលថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០១៦ ខណៈសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធខេត្តបន្ទាយ មានជ័យ នាសាលប្រជុំ"ក"សាលាខេត្តបន្ទាយមានជ័យ។
សម្តេច តេជោ ថ្លែងដូច្នេះជាច្រើនលើកព្រមទាំងបានសួររកអ្នកផ្តើមគំនិត បន្ទាប់ពីមានការរត់ការដោះដូរ ចំណតរថយន្តក្រុងសិរីសោភ័ណ ក្នុងសម័យអភិបាលខេត្តមុន ហើយត្រូវបានប្រជាពលរដ្ឋប្រតិកម្មតវ៉ា មិនអោយមានការដោះដូរ រហូតលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យបានធ្វើសំណើរទៅសម្តេចក្រឡាហោម ស ខេង អោយ មានការរក្សាទុកចំណតរថយន្តនៅដដែល និងបានលើកស្នើជូនសម្តេចនៅក្នុងពិធីសំណេះ សំណាលតែម្តង។
សូមបញ្ជាក់ថា អ្នកទទួលសិទ្ធិវិនិយោគចំណតរថយន្តសិរីសោភ័ណពីដើមដល់បច្ចុប្បន្ន បានរត់ការលក់បេនឡាននេះ ក្រោមស្លាកអភិវឌ្ឍន៍បេន ពីកណ្តាលក្រុង ទៅកណ្តាលវាលស្រែ ក្រៅក្រុង និងពីតំលៃដីបេនឡានដែលត្រូវដោះដូរមួយល្វែងពី៩ទៅ១០ម៉ឺនដុល្លា ទៅធ្វើបេនឡានថ្មីឆ្ងាយពីក្រុងហើយ តំលៃដីមួយហិចតាពី៣ទៅ៥ម៉ឺនដុល្លា មិនបានដីបេនចាស់មួយល្វែងផង។ នោះគឺអ្នករត់ការដោះដូរ ទិញថោកលក់ថ្លៃ ដោយទាក់ទងនឹងឧកញ៉ា ហង្ស ស៊ីផា និងអាជីវករម្នាក់នៅបន្ទាយមានជ័យ ក្នុងតម្លៃ៤,៥លាន ដុល្លាអាមេរិច។តែលោកឧកញ៉ាមិនព្រម នេះបើតាមការអោយដឹងពីលោកឧឧកញ៉ា ហង្ស ស៊ីផា កន្លងមក។
សម្រាប់បេនចាស់មានរាងចតុកោណព្នាយ មានផ្ទៃក្រឡា៧.២០០ម៉ែត្រក្រឡា។ទីតាំងទី២ (បេនឡានធំ) មានរាងចតុកោណព្នាយ និងប៉ោងទំហំសរុប ៦.៥០០ម៉ែត្រក្រឡា។ អាជីវករ ពលរដ្ឋនិងអ្នកទទួលសិទ្ធិវិនិយោគចំណតរថយន្តសិរីសោភ័ណ ព្រមទាំងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចនៅម្តុំបេនឡាន ក៏ដូចក្នុងក្រុងសិរីសោភ័ណ និងទូទាំងខេត្ត បន្ទាយមានជ័យបានថ្លែងអំណរគុណ និងសូមគោរពជូនពរសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសូមអះអាងថា នឹងគាំទ្រសម្តេច ជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀត៕