ឧបទ្ទវហេតុរន្ទះបាញ់ ផ្ដាច់សង្ខារមនុស្សម្នាក់ និងបី៣នាក់រងរបួស,សត្វគោ១ក្បាលងាប់
សៀមរាប ៖ ឧបទ្ទវហេតុគ្រោះធម្មជាតិ បច្ចុប្បន្ននេះ កាចសាហាវណាស់ ជាក់ស្តែងគ្រាន់តែមេឃ មានភ្លៀងលាយឡំ និងផ្គរ រន្ទះបាញ់ ផ្តាច់ជីវិតមនុស្សម្នាក់ និងរបួស៣នាក់ ទៀត កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ ស្ថិតនៅភូមិ ត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
មន្ត្រីអាវុធហត្ថស្រុកសូទ្រនិគម បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ជនរងគ្រោះទី១. ឈ្មោះ តុញ ប៉ិ ភេទ ស្រី ៧៣ឆ្នាំ (ស្លាប់) ទី២. ឌី ដឿម ប្រុស ២៨ឆ្នាំ របួសធ្ងន់។ទី៣ សឿម ថៃ ភេទស្រី៦៥ឆ្នាំរបួសស្រាល ។ទី៤. លន លិន ភេទប្រុស២៣ឆ្នាំ របួសស្រាល។ក្នុងហេតុការណ៍នេះ ក៏បណ្ដាលឲ្យ ងាប់គោ១ ក្បាល ផងដែរ។
មន្ត្រីអាវុធហត្ថ ដដែល បន្តថា អ្នកស្លាប់ និងរបួសគឺជាពលរដ្ឋរស់នៅភូមិ ត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ច ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះរឿងបាតុភូត ធម្មជាតិដូចដែលក្រសួងពាក់ព័ន្ធបាន ណែនាំពីរបៀបការពារ៕