ឪពុក-ម្តាយទៅរកស៊ីនៅប្រទេសថៃ កូននៅផ្ទះលង់ទឹកស្រះ ស្លាប់គួរឲ្យអាសូរ
ឧត្តរមានជ័យ៖ ឪពុក-ម្តាយទៅរកស៊ីនៅប្រទេសថៃ បានផ្ញើរកូនទុកអោយ ឪពុក-ម្តាយ ជាអ្នកមើលថែ ជាអកុសលត្រូវកូនលង់ទឹកក្បែរផ្ទះស្លាប់គួរឲ្យសូរ កាលពីវេលាម៉ោងប្រមាណ ៨ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នគរបាលប៉ុស្ដិ៍មូលដ្ឋាន បានឲ្យដឹងថា ក្មេងរងគ្រោះដោយសារករណីលង់ទឹកស្រះ មានឈ្មោះ ជើន ណាចេ ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិជើងទៀន ឪពុកឈ្មោះ ចាន់ ជួយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ និងប្រពន្ធ ឈ្មោះ ពឿន ស្រីនី ភេទស្រី អាយុ២០ឆ្នាំ.មុខរបរកសិករ មានទីលំនៅ ភូមិកើតហេតុខាងលើ។
សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជើងទៀន បានអោយដឹងទៀតថា មូលហេតុឪពុក ម្តាយក្មេងរងគ្រោះ ទៅរកស៊ីនៅប្រទេសថៃ បានផ្ញើរក្មេងរងគ្រោះទុកអោយ ឪពុក-ម្តាយត្រូវជាយាយ និងតា ជាអ្នកមើលថែ មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានយកកងរ៉េត រុញលេងក្បែរផ្ទះ ហើយយាយមានជម្ងឺថ្លង់អង្គុយ ធ្វើត្រីនៅក្បែរផ្ទះ លុះដល់ម៉ោង៩និង៣០នាទី ពួកគាត់បានដើររកចៅស្រាប់តែឃើញចៅរបស់គាត់ ត្រូវបានស្លាប់អណ្ដែតទឹកក្នុងស្រះក្បែរផ្ទះ ចម្ងាយ០៥ម៉ែត្រខាងលិចផ្ទះ ហើយបានរាយការណ៍ជូនសមត្ថកិច្ច។
សមត្ថកិច្ច បានបន្តទៀតថា ក្រោយពីការត្រួតពិនិត្យរួចរាល់ហើយ ឃើញថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកស្រះពិតមែន ហើយសមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕