លេងបាល់ឌឺដងគ្នា បង្កជម្លោះឈ្លោះ បើកឡានបុកម៉ូតូដួល ចាក់២កាំបិទចំភ្លៅ របួសធ្ងន់
ស្ទឹងត្រែង ៖ បុរសម្នាក់លេងបាល់ចាញ់ ហើយមានអ្នកមក ឌឺដងដាក់បង្កឱ្យមានជម្លោះឈ្លោះទាស់ទែងគ្នា ជិះម៉ូតូចេញពីតារាងបាល់ ជនបង្កបានបើកឡានតាមដេញបុកឱ្យរបួស ថែមទាំងចាក់២កាំបិទចំភ្លៅ បណ្តាលឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ស្ទឹងត្រែង។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះត្រូវគេបើកឡាដេញបុកព្រមទាំងចាក់បន្ថែមទៀតនោះមានឈ្មោះជា គឹមវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ រីឯជនបង្កមានឈ្មោះ ប្រុស ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំង មានទីលំនៅក្នុងភូមិកាំមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
ប្រភពពីអ្នកឃើញហេតុការ បានបន្តឱ្យដឹងថា នៅកន្លែងលេងបាល់ដាក់លុយចំណុចភូមិព្រែក តែតែមានជម្លោះឈ្លោះទាស់ទែងគ្នាជាញឹកញាប់ ធ្វើឱ្យមានអ្នកចាញ់រាប់លាន ហើយនៅថ្ងៃកើតហេតុជនរងគ្រោះ និងជនបង្ក នៅក្នុងរយះពេលពីបីថ្ងៃនេះ បានលេងបាល់ភ្នាល់គ្នាចាញ់អស់រាប់លាន ជនបង្កចាញ់ហើយត្រូវបានជនរងគ្រោះចេះតែឌឺដងដាក់ ខណៈជនរងគ្រោះជិះម៉ូតូចេញពីកន្លែងលេងបាល់ ជនបង្កបានបើករថយន្តម៉ាកបាឡែនពណ៌ស្ក ពាក់ស្កាកលេខ2AC5273 ដេញតាមពីក្រោយ ដល់ចំណុចកើតហេតុ បានបុកជនរងគ្រោះពីក្រោយរបួសបានចុះពីលើរថយន្តចាក់២កាំបិទចំភ្លៅខាងស្តាំរបួសធ្ងន់។
ប្រភពបន្តថា ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ធ្វើការសង្គ្រោះបន្ទាន់ និងបានប្តឹងទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ នាំយករថយន្តនិងជនបង្កទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។
បច្ចុប្បន្នជនបង្កកំពុងឃាត់ខ្លួនធ្វើការសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕