មន្ដ្រីតុលាការ ទាំងអស់ មិនមែនសហការគ្នាបំពានច្បាប់ នឹងសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ
បន្ទាយមានជ័យ ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានណែនាំដល់មន្ដ្រីរបស់ខ្លួន ក្នុងស្ថាប័ន អយ្យការ តុលាការ និងរដ្ឋបាល ត្រូវបំរើផលប្រយោជន៍សាធារណជន ទាំងអស់គ្នា មិនមែនសហការគ្នា បំពានច្បាប់ និងសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។
លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធ ដឹកនាំលេខាធិការដ្ឋានតុលាការខេត្តបន្ទាយមានជ័យ ជាផ្លូវការកាលពីថ្ងៃទី២០ កក្កដា ២០១៦ ម្សិលម៉ិញនេះ ។
ពិធីនេះ ត្រូវបានប្រកាសតែងតាំងលោក ម៉េង វណ្ណៈ ជាប្រធានការិយាល័យកិច្ចការតុលាការ លោក រឿន លីណា ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តបន្ទាយមានជ័យ និងអនុប្រធានចំនួន ៤រូប រួមមាន ៖ លោក បឹង សុធី លោក ធួន សេរី លោក អោម ពិសិដ្ឋ លោកស្រី សុគន្ធ សុខា ។
លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានណែនាំដល់មន្ដ្រីរបស់ខ្លួន ក្នុងស្ថាប័ន អយ្យការ តុលាការ និងរដ្ឋបាល កុំផ្អែកលើស្មារតី ចាំចាប់កំហុស និងផ្ចាញ់ផ្ចាលគ្នា ធ្វើយ៉ាងណា បំរើផលប្រយោជន៍សាធារណជន ទាំងអស់គ្នា។ លោក អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានជម្រុញឲ្យមន្ដ្រីក្នុងស្ថាប័នតុលាការ ទាំងអស់ ធ្វើយ៉ាងណា សហការគ្នាអោយបានល្អ និងយោគយល់គ្នា អោយបានច្រើនបំផុត ព្រមទាំងបំពេញនូវចំណុចខ្វះខាតអោយគ្នាទៅវិញទៅមក មិនមែនសហការ គ្នាបំពានច្បាប់ និងសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។
គួរ រំលឹកផងដែរថា កន្លងមកសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្លាប់មានរឿងរ៉ាវកាច់កុងគ្នាជាច្រើនរវាងស្ថាប័នអយ្យការ និងតុលាការ ហើយក្នុងនោះក៏មានក្រឡាបញ្ជី ១រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួន ក្នុងជំនាន់លោក អាំង មារតី ជាប្រធាន ៕