មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បើករថយន្ដសេរីទំនើប បុកមនុស្សស្លាប់ នៅខេត្តកំពង់ធំ
ភ្នំពេញ៖ យុវជនម្នាក់ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុបន្ទាប់ពីបត់ចូលស្ថានីយចាក់សាំង មួយកន្លែងនៅកំណាត់ផ្លូវជាតិលេខ៦ (ផ្លូវអាស៊ានថ្មី) ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
សាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតរថយន្តសេរីទំនើបមួយគ្រឿងរ៉េង រូវើ ពាក់ស្លាកលេខ ខម 2 ៖ 8886 ចេញពីជើងទៅត្បូង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1T៖ 0891 ចេញពីត្បូងទៅជើងបញ្ច្រាសទិសគ្នាពេលមកដល់កន្លែងកើតហេតុ អ្នកជិះម៉ូតូក៏បានបត់ចូលស្ថានីយចាក់សាំង ដោយមិនមើលឆ្វេងស្តាំ ក៏ត្រូវរថយន្ត ជាន់ហ្វ្រាំងមិនទាន់បណ្តាល ឱ្យបុកពេញទំហឹង បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។
ជនរងឈ្មោះ ប៉ន ប៉ុន ជាសិស្សរៀនថ្នាក់ទី11 C សាលាវិទ្យាល័យតាំងក្រសាំង ភេទប្រុសអាយុ ១៩ឆ្នាំ ទីលំនៅភូមិផ្លុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកម្ចាស់រថយន្តសេរីទំនើប ឈ្មោះឧត្តមសេនីយ៍ត្រី ស័ន សម្បត្តិ នាយរងសរុប អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ អាយុ ៤៨ ឆ្នាំ។ បន្ទាប់ពីបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ ឧត្តមសេនីយ៍ត្រី ស័ន សម្បត្តិ បានយករថយន្តទៅទុកក្នុងបន្ទាយរបស់ខ្លួន នៅឃុំតាំងក្រសាំងដោយហាមមិនឲ្យអ្នកសារព័ត៌មានថតរូបរថយន្តឡើយ។
បច្ចុប្បន្នម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក រីឯករថយន្តត្រូវបានយកទុកនៅ បន្ទាយ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស រីឯសាកសពជនរងគ្រោះឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕