ប្រាក់ចំណូលពីភ្លៀវទេសចរណ៍ចូលប្រាសាទអង្គរវត្ត រាជរដ្ឋាភិបាល មានគម្រោង ដកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសំរេចដកលុយពីអ្នកទេសចរណ៍ បរទេសចូលទស្សនាប្រាសាទ អង្គរវត្ត ក្នុងម្នាក់ៗ ចំនួន២ដុល្លារ ដាក់ចូលមូលនិធិជួយ មន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការថ្លែងប្រាប់ ពីលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅទីស្តីការក្រសួងការបរទេសបន្ទាប់ពីមានកិច្ចប្រជុំពិគ្រោះយោបល់រវាងកម្ពុជា និងស្វីស កំរិតខ្ពស់ទ្វេភាគី នាថ្ងៃទី២០ខែកក្កដា ឆ្នាំ ២០១៦នេះ ។
ក្នុងជំនួបនេះ ឧបការីនៃក្រសួងការបរទេសស្វីស លោក ជូ ហាណេស ម៉ាធីយ៉ាស៊ី Johannes Matyssy បានប្រសាសន៍ថា កិច្ចពិគ្រោះយោបល់នេះ បានផ្តោតលើប្រធានបទសំខាន់រវាងប្រទេសទាំងពីរ រួមមានការអភិវឌ្ឍន៍ សេដ្ឋកិច្ច ការពិគ្រោះផ្នែកនយោបាយនៃប្រទេសទាំងពីរ។
លោក ឧបការី នៃក្រសួងការបរទេសស្វីស បានបញ្ជាក់ថា ស្វីសនៅតែបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ទៅថ្ងៃអនាគតទោះពីជាពុំមានវត្តមានលោកវេជ្ជបណ្ឌិត រិច ណ័រ នៅបន្តទៅទៀតក្តី។លើសពីនេះ ទៅទៀតរដ្ឋាភិបាលទាំងពីរបានចុះ"អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀង ពិគ្រោះយោបល់ទ្វេភាគី"ជាប្រចាំឆ្នាំផងដែរ។
លោក ក៏បានសម្តែងនូវសេចក្តីសប្បាយ រីក រាយ នៅពេលដែលកម្ពុជាគាំទ្រស្វីស ចូលជាសមាជិកដៃគូរសន្ទនា តាមវិស័យនានារបស់អាស៊ាន នៅពេលខាងមុខ។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់នោះដែររាជរដ្ឋាភិបាលកម្ពុជា បាន អភិវឌ្ឍប្រទេសមានការរីកចំរើនតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលកើតមាននៅពេល ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការពង្រឹងនីតិរដ្ឋការអនុវត្តច្បាប់ដូច្នេះពុំមានអ្វីពាក់ព័ន្ធដែលគេចោទថា កម្ពុជា មានវិបត្តិនយោបាយ គឺអត់មានទេ រឿងនោះ ជាបញ្ហាបុគ្គលដែលបានប្រព្រឹត្តខុស ហើយវិធានការដែលបានធ្វើកន្លងមក នេះជាការអនុវត្តច្បាប់។
ទាក់ទងនិងបញ្ហានេះ លោក ជូ ហាណេស ម៉ាធីយ៉ាស៊ី Johannes Matyssy ឧបការីនៃក្រសួងការ បរទេសស្វីស បានបញ្ជាក់ថា ជាបញ្ហាផ្ទៃក្នុងប្រទេសកម្ពុជា ប្រជាជនស្វីស រដ្ឋាភិបាលស្វីសមិនជ្រៀត ជ្រែក ចូលទេហើយស្វាគមន៍ការ អនុវត្តលទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់នៅកម្ពុជានិងការអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាមានការរីកចំរើន។
ទាក់ទង និងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផានៅពេលបច្ចុប្បន្ន និងអនាគត លោក រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសំរេចដកលុយពីអ្នកទេសចរណ៍ បរទេសចូលទស្សនាប្រាសាទ អង្គរវត្តក្នុងម្នាក់ៗចំនួន២ដុល្លារ ដាក់ចូលមូលនិធិជួយ មន្ទីរពេទ្យគន្ធបុប្ផា ហើយរដ្ឋាភិបាលស្វីសគាំទ្រវិធាន ការរបស់កម្ពុជាដើម្បីជួយពេទ្យគន្ធបុប្ផា៕