ជម្ងឺមហារីក បានផ្ទុះឡើង ខណៈស្ដ្រីម្នាក់ តាំងខ្លួនជា«ព្រះនាងកែវ៧ពណ៌» នៅវត្តព្រះវិហារប្រាសាទ៧ល្វែង
សៀមរាប៖ ពុទ្ធបរិស័ទនិងព្រះសង្ឃនៅវត្តព្រះវិហារប្រាសាទ៧ល្វែងប្រមាណជាង១០០នាក់ បាននាំគ្នាសម្រេចចិត្តធ្វើលិខិតដោយផ្តិតមេដៃឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ចំពោះលោកយាយម្នាក់ ដែលមករស់នៅក្នុងប្រាសាទព្រះវិហារ៧ល្វែង ដើម្បីទាញយកផលប្រយោជន៍ជាច្រើនឆ្នាំមកហើយ។
គណះកម្មាធិការវត្តព្រះវិហារប្រាសាទ៧ល្វែងលោក ម៉ៅ រ៉ាឌី បានឲ្យដឹងនៅ រសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៦នេះថា "ពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជាង១០០នាក់ បានមូលមតិគ្នាជាឯក ឆន្ទស្នើឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយបញ្ឈប់លោកយាយម្នាក់ដែលមកប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយបានដើររៃអង្គាសបច្ច័យថា មកកសាងវត្តជាដើម"។
លោកបន្តថា យាយនេះគេមិនដឹងឈ្មោះអីទេយាយនេះបានប្រាប់គេថា ឈ្មោះព្រះនាងកែវ៧ពណ៌,ប្រពន្ធព្រះបាទជ័យវរ្ម័ន,ប្រពន្ធស្តេចនាគ ជាដើម ដើម្បីបោកភ្ញៀវនិងពុទ្ធបរិស័ទ។លោក បន្តថា ការធ្វើនូវទង្វើបែបនេះ គឺវាបានធ្វើឲ្យប៉ះពាល់កិត្តិយសវត្តនិងវិស័យព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ។
លោក បានសំណូមពរទៅអស់លោកដែលជាអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយឲ្យគណះកម្មាធិការវត្ត និងព្រះសង្ឃជាអ្នកគ្រប់គ្រងដូចគ្រាមុនវិញ។ស្រដៀងគ្នានោះផងដែរព្រះគ្រូភូមិម្មោ ឌី សុវណ្ណ ព្រះគ្រូចៅអធិការវត្ត ព្រះវិហារប្រាសាទ៧ល្វែងបានមានសង្ឃដីកាថា លោកយាយរូបនេះ បានធ្វើសកម្មភាពប្រាសចាកពីព្រះពុទ្ធសាសនាពោលគឺនិយាយកុហកបោកប្រាស់ញាតិញោម ពុទ្ធបរិស័ទជាយូរឆ្នាំមកហើយ ទើបតែពេលនេះព្រះអង្គត្រូវ តែទម្លាយអាថ៌កំបាំងនេះឲ្យសាធារណះជនបានដឹងនឹងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា មេត្តា ជួយបញ្ឈប់នូវទង្វើរបស់លោកយាយម្នាក់នេះផងព្រោះវាបានធ្វើឲ្យប៉ះពាល់ កិត្តិយសវត្តនិងកិត្តិយសសាសនាព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ។
ព្រះគ្រូចៅអធិការមានសង្ឃដីកាទៀតថាយាយនេះបានចំណែកលោកយាយដែលមិនប្រាប់ឈ្មោះពិតប្រាកដដោយគ្រាន់តែដឹងថា ឈ្មោះ ព្រះនាងកែវ៧ពណ៌ នោះបានប្រាប់ថា លោកយាយមកនេះគឺអស់រយះពេល ជាង២០ឆ្នាំមកហើយ។លោកយាយ បន្តថា រឿងដែលប៉ះពាល់ដល់វត្តនោះគឺលោកយាយមិនមាននោះទេ គឺមានតែគេធ្វើទុក្ខបុកម្នេញគាត់តែគាត់ថា មិនបានប្តឹងផ្តល់អីនោះទេ។លោកយាយថា រាល់ថ្ងៃធ្វើតែអំពើល្អប៉ុណ្ណោះ។
ទាក់ទិនករណីនេះដែរលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរអប្សរា បានឲ្យដឹងថា ករណីនេះលោកនៅមិនទាន់ដឹងនោះទេ ដោយរង់ចាំមើលពាក្យបណ្តឹងសិន ទើបមានវិធានការទៅតាមផ្លូវច្បាប់ រឺ យ៉ាងណានោះ។
សូមបញ្ជាក់ថា ទីតាំងវត្តព្រះវិហារប្រាសាទ៧ល្វែងនេះ គឺស្ថិត នៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាបនៅជិតប្រាសាទនាង១២៕