កូនគ្រែងឈាម៥០០គីឡូក្រាម ត្រូវបានលែងចូលសមុទ្រវិញ ខណៈរឹបអូសបានពីក្រុមឈ្មួញ
ព្រះសីហនុ ៖ កាលពីថ្ងៃទី១៩ខែ កក្កដាឆ្នាំ២០១៦ ម្សិលម៉ិញនេះ មន្ត្រីជំនាញជលផល ខេត្ត ព្រះសីហនុ នាំយកកូនគ្រែងឈាមតូចៗចំនួនជាង ៥០០គីឡូក្រាម ទៅប្រលែងក្នុងសមុទ្រវិញ ត្រង់ចំណុចតំបន់កោះខ្យង ។
មន្ដ្រីជំនាញ ជលផលកំពង់សោម បានឲ្យដឹងថា កូនគ្រែង ឈាម ដែលយកមកប្រលែងនាពេលនេះគឺជាកូនគ្រែង ដែលកម្លាំងសមត្ថកិច្ចចំរុះ ធ្វើការចាប់ បានកាលពីយប់ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ នៅត្រង់ចំណុចតំបន់ស្រុកព្រៃនប់ តាមបណ្តោយផ្លូវជាតិលេខ ៤ ខណៈពេល ដែលក្រុមឈ្មូញដឹកតាមរថយន្ត តូរីស ចេញពីរតំបន់ភូមិ កោះខ្យង ក្នុងគោលដៅនាំយក ទៅខេត្ត កំពត នឹងបន្តយកទៅលក់ នៅប្រទេស វៀតណាម។
កូនគ្រែង ឈាមដែលចាប់បានខាងលើនេះ ជាប្រភេទកូនគ្រែងឈាមតូចបំផុត គឺ ១គីឡូក្រាម មានចំនួនពី ២០០០ ទៅ ៣០០០គ្រាប់ ជាកូនគ្រែងស្ថិតនៅក្នុងការហាមឃាត់នៃច្បាប់ ជលផល ហាមមិនអោយធ្វើការនេសាទ ឬ ធ្វើអាជីវកម្មនោះឡើយ ដោយកូនគ្រែងដែលអាចធ្វើការនេសាទ ឬ នាំយកធ្វើអាជីវកម្មចិញ្ចឹមដោយស្របច្បាប់ បាន គឺចាប់ទំហំចំនួនពី ២០០ ទៅ ៣០០គ្រាប់ ក្នុង១គីឡូ ក្រាម ។ ករណីនេះ មន្ត្រីជលផល បានធ្វើការបញ្ជាក់ថា ចំពោះឈ្មួញល្មើស មិនត្រូវបាន ធ្វើការ ផាកពិន័យ ឬទោសទណ្ឌអ្វីទេ គឺគ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យាតាមនីតីវិធីនែច្បាប់ រួចដោះ លែងទៅវិញ។
គួរបញ្ជាក់ថា កូនគ្រែងឈាមត្រូវការគេឃុបឃិតគ្នា ធ្វើការនេសាទខុសច្បាប់នៅក្នុង តំបន់ កោះខ្យងក្នុងពេលកន្លងទៅក៏ដូចជានាពេលបច្ចុប្បន្ន ក្នុង ១ថ្ងៃៗរាប់តោន រួចហើយប្រមូល លក់ទៅ អោយឈ្មួញ ដឹកយកទៅលក់នៅប្រទេសវៀតណាម គឺលក់ ក្នុង១គីឡូ ពីតម្លៃ ១៥ដុល្លា ទៅ២០ ដុល្លា ខណៈពេលទិញពីប្រជានេសាទក្នុងតម្លៃ ១០០០០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ៕