វត្តចំនួន២ ក្នុងឃុំសំបួរ ទទួលបានទៀនវស្សាពីក្រុមការងារថ្នាក់ខេត្ត
បន្ទាយមានជ័យ៖ ដើម្បីចូលរួមលើកស្ទួយក្នុងវិស័យពុទ្ធសាសនា កាលពីរសៀលថ្ងៃទី១៩ កក្កដា២០១៦ ក្រុមការងារខេត្តបន្ទាយមានជ័យ ចុះជួយឃុំសំបួរស្រុកមង្គលបូរី ដឹកនាំដោយលោក ឱ លន់ ស្នងការរង ខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ បានដង្ហែនូវទៀនវស្សាប្រគេនដល់ព្រះសង្ឃចំនួន២វត្ត ដែលស្ថិតនៅក្នុងឃុំសំបួរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ឱ លន់ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយថ្ងៃនេះ ជាថ្ងៃចូលព្រះវស្សា១៥កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ប្រជាពលរដ្ឋកម្ពុជា កាន់សាសនាព្រះពុទ្ធ តែងប្រតិបត្តិនាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខារ ផ្សេងៗ ប្រគេនដល់ព្រះសង្ឃ។
ជាមួយគ្នានេះរូបលោករួមជាមួយក្រុមការងារខេត្តចុះជួយឃុំសំបួររួមមាន លោក សេង មេង ប្រធានការិយាល័យនីតិកម្ម លោក ស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរី បានរួបរួមគ្នាដង្ហែទៀនព្រះវស្សាស្លាដក គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនប្រគេន ដល់ព្រះសង្ឃក្នុងវត្តសំបួរនិងវត្តស្រះឈូក ។
លោក បានបន្តអោយដឹងទៀតថា ក្នុងនាមក្រុមការងារចុះជួយឃុំសំបួរក្រុមការងារតែបានចូលរួមគ្រប់កិច្ចការទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ជាពិសេសការសាងសង់ផ្ទះជូនពលរដ្ឋដែលមានទីលំនៅមិនសមរម្យអោយមានលំនៅដ្ឋានសមរម្យព្រមទាំងបានប្រែក្លាយផ្ទះពលរដ្ឋពីប្រក់ ស្បូវមកប្រកស័ង្កសី តាមផែនការនិងការឧបត្ថម្ភជាស័ង្កសីពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ៕