អ្នកទោស វាយអ្នកទោស សន្លប់បាត់ស្មារតី បន្ថែមទោសមួយកម្រិតទៀត
កណ្ដាល ៖ អ្នកទោសម្នាក់ជាប់ចោទពីបទលួច បានវាយ អ្នកទោសម្នាក់ទៀត ជាប់ចោទ ពីបទមនុស្សឃាត បណ្ដាលឱ្យសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ កាលពីម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៨កក្កដា ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថាជនសង្ស័យ ដែលបានឃាត់ខ្លួន ជាទណ្ឌិត ជាប់ចោទពីបទលួច ឈ្មោះ យូ សេងលី ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅទីភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នកំពុង ជាប់ឃុំនៅ ក្នុងពន្ធនាគារខេត្តកណ្តាល ។ ត្រូវបាននគរបាល ក្រុងតាខ្មៅ ឃាតខ្លួន និងកសាងសំណុំរឿង បន្ថែមពីលើទោសដែលមានស្រាប់។ចំណែកជនរងគ្រោះឈ្មោះម៉ិច ឡុង ភេទប្រុសអាយុ៣៣ឆ្នាំ ស្រុកកំណើតនៅ ភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ន កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាល (ទណ្ឌិត)ជាប់ពីបទមនុស្សឃាត ។
មន្ត្រីនគរបាល បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា មូលហេតុ នាំឱ្យមានអំពើហិង្សានេះ គឺដោយសារ ជនសង្ស័យ ចោទ ជនរងគ្រោះថា បាននិយាយដើមខ្លួន ថាប្រើប្រាស់គ្រឿងញៀននៅក្នុងពន្ធនាគារ ។លុះនៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែឈរនៅក្បែរ របងអគារ ពេលនោះស្រាប់តែជនជនសង្ស័យដែល ខាងអនុរក្សពន្ធនា គារ បញ្ចេញឲ្យមកងូតទឹកនៅក្រៅអាគារឃុំខ្លួន បានដើរទៅពីក្រោយខ្នងជនរងគ្រោះហើយបានវាយទៅលើជនរងគ្រោះមួយដៃចំមុខនិងធាក់មួយជើង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅលើជញ្ជាំងអាគារពកក្បាលចំហៀងខាងឆ្វេងសន្លប់បាត់ស្មារតី ហើយត្រូវបានអនុរក្សពន្ធនាគារ បញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ចូលទៅក្នុងអាគារឃុំខ្លួនវិញ ដើម្បីកសាងសំណុំរឿងផ្តន្ទាទោស បន្ថែមតាមនីតិវិធី។
សូមបញ្ជាក់ថា នៅក្នុងពន្ធនាគារខេត្តកណ្តាល សំបូរទៅដោយអ្នកទោសប្រព្រឹត្តអំពើខុសច្បាប់ជាច្រើន និងមានបើកដៃពីមន្ត្រីពន្ធនាគារផងថែមទៀត៕