មនុស្ស៤នាក់ស្លាប់ នឹងរបួសធ្ងន់-ស្រាល ក្នុងឧបទ្ទវហេតុម៉ូតូពីរគ្រឿងប្រហារគ្នាពេញមួយទំហឹង
កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ ឪពុកកូន របួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបុកគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង ១៩ និង១៨នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតលើផ្លូវក្រាលស៊ូ ចំណុច ភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយម៉ូតូ និងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ម៉ូតូទី១ ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ស្ពឺ 1A-0625 អ្នកបើក បរ មានឈ្មោះ ហ៊ឹម ចាន់ថន ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិអន្លង់ខ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាល ឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ម៉ូតូទី២ ម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខមកពីទិសខាងកើតទៅលិចបញ្ច្រាសទិស គ្នាបើកបរដោយឈ្មោះ ឈឹម សារ៉ន ភេទប្រុសអាយុ៥០ ឆ្នាំ នៅភូមិព្រៃធំ ឃុំរស្មី សាមគ្គី ស្រុកឱរ៉ាល់ រងរបួសធ្ងន់ និងអ្នកជិះពីក្រោយមួយឈ្មោះ ឈួន ដារា ភេទប្រុស អាយុ ០៨ឆ្នាំ នៅភូមិព្រៃធំរងធ្ងន់ ឈ្មោះ ឈឹម ចាន់រី ភេទស្រី អាយុ ២០ ឆ្នាំ របួសស្រាល ត្រូវបានបញ្ជូនភ្លាមៗនៅមន្ទីរពេទ្យ ។
សមត្ថកិច្ច បន្ដថា មុនពេលកើតហេតុម៉ូតូទាំង ២គ្រឿងធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូក្នុងល្បឿនលឿនហើយមេឃងងឹតរកភ្លៀងផងនោះ បានបុកគ្នាពេញមួយទំហឹងបណ្តាលឱ្យស្លាប់ម្នាក់នៅកន្លែង និង៣នាក់ឪពុកកូនរងរបួសធ្ងន់ ត្រូវបានបញ្ជូនសង្គ្រោះក្នុងមន្ទីរពេទ្យ ខេត្ត កំពង់ស្ពឺ ។ សមត្ថកិច្ច បានបន្ថែមទៀតថា ជារៀងរាល់ថ្ងៃកំលាំងនគរបាលចរាចរណ៍ចុះអប់រំអំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយល់ដឹងពីច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតខ្លួនយើង ព្រមទាំងអ្នកដ៏ទៃផងដែរ ។
បច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខដើម្បីកសាងសំណុំរឿងរងចាំដោះស្រាយគ្នាតាមច្បាប់ ៕