រុញទូដែកបិទ តូបលក់ដូរ ប៉ះត្រូវខ្សែភ្លើងដាច់ឆក់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់
ឧត្តរមានជ័យ ៖ មានករណី ឆក់ខ្សែភ្លើង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
តាមរបាយការណ៍របស់សមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានបិទតូបលក់ដូររបស់ខ្លួន ហើយបានរុញទូដែកច្នៃសម្រាប់ដាក់មួកសុវត្ថិភាពលក់ មានកម្ពស់ប្រហែល២ម៉ែត្រ ដើម្បីយកចូលក្នុងផ្ទះដូចសព្វមួយដង ស្រាប់តែទូនោះ ជ្រុលទៅប៉ះ និងខ្សែភ្លើង ដែលជាប់ហ្នឹងពិដានផ្ទះ គាប ដាច់ក៏បណ្តាលឲ្យឆក់តែម្តង។
សមត្ថកិច្ច បានបន្ដទៀតថា ជនរងគ្រោះ ទាំងពីរ ១ឈ្មោះ គុណ ហេង ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុខាងលើ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើតនៅ ភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ)ទី២.ឈ្មោះ តូ រ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុខាងលើ មុខរបរជាងជួសជុល និងមានស្រុកកំណើតនៅភូមិ ឃុំ ជាមួយជនរងគ្រោះ បានរងរបួសធ្ងន់។
ក្រោយពីកើតហេតុ កម្លាំងប៉ូលិសប៉ុស្តិ៍ រួមជាមួយជំនាញក្រុងនិងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យ និងបានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត និងជនរងគ្រោះម្នាក់ទៀត បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ៕