ជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនជិត១គីឡូក្រាម ត្រូវបាន តុលាការឃុំខ្លួន
ភ្នំពេញ ៖នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាម ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ជនសង្ស័យរួមទាំងវត្ថុតាងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ១៤ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ តូច សំអាត អាយុ៣៩ឆ្នាំ ។
ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថ ជនល្មើសបានសារភាព និងចង្អុលបង្ហាញ ពីទីតាំង មេខ្លោងនៅបន្ទប់ជួលលេខ៩ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ភ្លាមៗ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយ កម្លាំងជំនាញ ការិយាល័យប្រឆាំង គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅ ហ៊ុមព័ទ្ធ ទីតាំងមេខ្លោងផងដែរ ។ ប៉ុន្តែពេលកម្លាំងអាវុធហត្ថ ទៅដល់ជនសង្ស័យ ដែលជាមេខ្លោង បានគេចខ្លួនបាត់ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានសម្រេចគាស់បន្ទប់ ឆែកឆេររកឃើញ វត្ថុតាងមួយចំនួន រួមមាន អាវុធខ្លី ១ដើម ម៉ាក k54 បង់១ គ្រាប់ចំនួន៦គ្រាប់, ម្សៅក្រាមសរថ្លា ៣កញ្ចប់ ទម្ងន់ជិត ១គីឡូក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន២, ស្លាកលេខម៉ូតូ២, ប្រដាប់កិប ស្លាកលេខ១, ថង់ច្រកគ្រឿងញៀន មួយចំនួនធំ, ដបជក់គ្រឿងញៀន២ ៕