នៅថ្ងៃ២០កក្កដា នឹងប្រកាសសាលក្រមផ្តាច់ចំណងស្នេហ៍រវាងលោក ប៉ែន ចំរ៉ុង និង ភរិយា
ភ្នំពេញ ៖ ទីបំផុត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានកំណត់យកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីសម្រេចអំពីបណ្តឹងលែងលះរវាងលោក ប៉ែន ចំរ៉ុង ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ និង អ្នកស្រី ភិន សុដាលីស កូនស្រីថៅកែភាពយន្ត ។
ការកំណត់ពេលប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីគូភាគី បានចូលបំភ្លឺនៅតុលាការជាបន្តបន្ទាប់ កាលពីពេលកន្លងទៅ ។
ប្រភពព័ត៌មាន បញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ទំនងជានឹងសម្រេចឲ្យគូភាគីលែងលះគ្នាតាមផ្លូវច្បាប់ បន្ទាប់ពីធ្វើការផ្សះផ្សាជាច្រើនលើកមិនត្រូវរួចមក ។ ប្រភពព័ត៌មាន បន្តថា កូនម្នាក់ដែលកំពុងស្ថិតក្នុងផ្ទៃរបស់អ្នកស្រី ភិន សុដាលីស នឹងត្រូវស្ថិតនៅជាមួយម្ដាយ ក្រោយកូននេះធំ ទើបមានការសម្រេចសាជាថ្មី ។
គួររំលឹកថា លោក ប៉ែន ចំរ៉ុង បានព្យាយាមលាក់បាំងរឿងរ៉ាវប្រេះឆាជាមួយភរិយា គឺអ្នកស្រី ភិន សុដាលីស ដោយពុំរៀបរាប់លម្អិតអ្វីជាដើមចមដែលឈានដល់ការដាក់ពាក្យបណ្ដឹងសុំលែងលះ ចូលតុលាការ នោះទេ ។
ក្រោយការសាកសួរប្រមាណជាង២ម៉ោងរួចមក លោក ប៉ែន ចំរ៉ុង បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ថា លោកចូលមកតុលាការពេលនេះ គឺ ដើម្បីប្តឹងសុំលែងលះភរិយា គឺ អ្នកស្រី ភិន សុដាលីស ។ ចំពោះសំណួរសួរថា តើមូលហេតុអ្វីដែលឈានដល់ការដាក់ពាក្យបណ្ដឹងសុំលែងលះនេះ ត្រូវបានលោក ប៉ែន ចំរ៉ុង បដិសេធមិនឆ្លើយនោះទេ ។
ដោយឡែក អ្នកស្រី ភិន សុដាលីស កូនស្រីថៅកែផលិតកម្មភាពយន្ត បានគេចខ្លួនពីក្រុមអ្នកសារព័ត៌មាន ពុំបានផ្ដល់បទសម្ភាសន៍ នោះទេ ។
មន្រ្តីតុលាការ បានបង្ហើបឲ្យដឹងថា លោក ប៉ែន ចំរុង បានដាច់ចិត្តដាក់ពាក្យបណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ ជាមួយគ្នាជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោល គឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្ល៉េះ ក្រោមមូលហេតុក្នុងពាក្យ បណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះ បានត្រឹមតែលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ ៕
ដកស្រង់ ៖ គេហទំព័របាយ័ន