បើករថយន្តដឹកទឹកស្រោចផ្លូវលឿន ដាច់ហ្វ្រាំងប្រលះម៉ូតូ៦គ្រឿង ស្លាប់ និងរបួសធ្ងន់៣នាក់
ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ មាន ក្មេងប្រុសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀត រងរបួសធ្ងន់-ស្រាល ម៉ូតូ ចំនួន៦ គ្រឿង និងកង់ ១គ្រឿង រងការខូចខាត ស្ទើរទាំងស្រុង ដោយសាររថយន្ត ដឹកទឹក ស្រោចផ្លូវ របស់ក្រសួងអភិវឌ្ឍជនបទ បានបើកបុក និងកិនចំពេញទំហឹង។
ឧបទ្ទវហេតុដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ៥ និង០០ នាទីល្ងាច ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវ លំក្នុងភូមិ កូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អ្នកឃើញហេតុការណ៍ បាននិយាយថា មូលហេតុ បណ្តាល ឱ្យកើតឡើងគ្រោះថ្នាក់នេះ ដោយសារ អ្នកបើកបរ ទំនងជាស្រវឹងស្រា ហើយបើករថយន្ត ក្នុងល្បឿន យ៉ាងលឿន ហើយដាច់ហ្វ្រាំងទៀត ក៏ បង្កឱ្យមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះកើត ឡើង។ភ្លាមនោះ អ្នកបើកបររថយន្ត បង្ក បានរត់គេចខ្លួន កាត់វាលស្រែ បានជាង១គីឡូម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុដេញចាប់បាន ភ្លាមៗ ហើយក៏ប្រគល់ ជនបង្កឱ្យទៅនគរបាលប៉ុស្តិ៍មូលដ្ឋាន ឃាត់ខ្លួនបន្ត។
សមត្ថកិច្ច ចរាចរណ៍ ស្រុកត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះទាំង៣ នាក់នោះទី១. ឈ្មោះ នាត ភូ ភេទប្រុសអាយុ៤ ឆ្នាំ ស្លាប់ យ៉ាងអាណោចអាធ័ម ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ទី ២.ឈ្មោះ នាត មេឃ ភេទប្រុសអាយុ១៤ ឆ្នាំ រងរបួសស្រាល និងទី៣. ឈ្មោះ រិន រ៉េត ភេទស្រីអាយុ៥៣ ឆ្នាំ រងរបួសធ្ងន់ ត្រង់ក្បាលនឹងត្រគាក ធ្ងន់ធ្ងរ ។ ជនរងគ្រោះទាំង៣ នាក់មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ហើយភ្លាមៗ នោះជនរងគ្រោះត្រូវបានរថយន្ត របស់មន្ទីរពេទ្យ ស្រុក ដឹកយកទៅសង្គ្រោះ ភ្លាមៗ ផងដែរ។
សមត្ថកិច្ច បានបន្ដថា អ្នកបើកបររថយន្ត បង្កមានឈ្មោះ រ៉ែម ឆេសារ៉ា ភេទប្រុស អាយុ២៥ ឆ្នាំ មកស្នាក់ នៅក្នុងឃុំកើតហេតុ ដើម្បីដឹកទឹកស្រោចផ្លូវ ក្នុងឃុំកើតហេតុ ដែលមានស្រុកកំណើតនៅភូមិ អូអាចម៍កុក ឃុំអូ សណ្តាន់ ស្រុក ក្រគរ ខេត្តពោធិសាត់ បានបើក រថយន្ត ម៉ាក ហ៊ីយាន់ដាយ ពាក់ស្លាក លេខភ្នំពេញ ៣A -២០៦៣ បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ហើយអ្នកបើកបរ មានសភាពស្រវឹងស្រា ទើបមកដល់ចំណុចកើតហេតុ រថយន្ត នោះ បានដាច់ហ្វ្រាំង ហើយបានរេចង្កូតបុកចំ ជនរងគ្រោះកំពុងឈរនៅ និងលក់ដូរ នៅអែបនឹងចិញ្ចើម ផ្លូវ ផ្លោងខ្ទាតនិងកិនម៉ូតូ ចំនួន៦ គ្រឿង និងដឹកផ្លែឈើ លក់ របស់ស្ត្រីដែលរងរបួសធ្ងន់ធ្ងរនោះ។ ហើយក្មេងប្រុសដែលស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ នឹងផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចជំនាញ ចរាចរ បានប្រាប់បន្តថា បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបង្ក និងរថយន្ត ព្រមទាំង ម៉ូតូ ម៉ាកឆ្លាម ចំនួន៤ គ្រឿង ម៉ាកវ៉េវ ១ គ្រឿង និងម៉ាក ហុងដា C១២៥ ១ គ្រឿង និងកង់១ គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ហៅរថយន្ត ស្ទូចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ត្បូងឃ្មុំ កសាងសំណុំរឿង តាមនីតិវិធីនៃច្បាប់៕