មានបេក្ខជនចូលរួមប្រឡងបាក់ឌុប ឆ្នាំនេះ ជាង៩ម៉ឺននាក់ ប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែសីហា
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប នៅឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ ដោយមានបេក្ខជនចូលរួមប្រលងចំនួន ៩៣.៧៥២នាក់និងមាន ១៥៧មណ្ឌល ចែកចេញជា ៣៧៨១បន្ទប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ។
សេចក្តីប្រកាសព័ត៌មាន បានបន្ដថា កាលពីឆ្នាំមុនក្រសួងអប់រំយុវជន និងកីឡាបានរៀបចំប្រលងបាក់ឌុបនៅថ្ងៃទី២៤សីហាឆ្នាំ២០១៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៨៤៩៣០ នាក់ ស្រី ៤០៩៧២នាក់ នៅតាមមណ្ឌល ប្រឡងចំនួន ១៥០មណ្ឌលក្នុងនោះថ្នាក់ វិទ្យាសាស្ត្រមាន ១២៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៤មណ្ឌល ត្រូវជា ៣៤២៧ បន្ទប់ទូទាំងប្រទេស។ប៉ុន្តែបេក្ខជនចូលរួមប្រលងបាក់ឌុបមានតែចំនួន៨៣៣២៥នាក់ក្នុងនោះបេក្ខជនប្រលងជាប់មានចំនួន៤៦៥៦០នាក់ត្រូវជា៥៥,៨៨ភាគរយក្នុងនោះមានបេក្ខជនជាប់និទ្ទេសAមានចំនួន១០៨នាក់និទ្ទេសBមាន១០៨៥ និទ្ទេសC៣២៩២ និទ្ទេសD ៦០៩៣ និងនិទ្ទេស E៣៥៩៨២។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ឆ្នាំ២០១៦នេះ ក្រសួងបានបង្ហាញជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច។គោលការណ៍ ៤ចំណុចដែលក្រសួងបន្តរក្សាដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុបគឺការប្រឡងត្រូវតែឈរលើការគោរពច្បាប់ តម្លាភាព យុត្តិធម៌ និងសុចរិតភាព។
សេចក្តីប្រកាសរបស់ក្រសួងអប់រំ ដដែលបានបន្ដទៀតថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៦នេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និង ខេត្តកណ្ដាល និងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់ប្រឡងនៅខេត្តផ្សេងៗទៀត៕