ប្រគល់ទានព្រះវស្សាដល់វត្តចំនួន៦ ក្នុងស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ ក្នុងឱកាសដែលព្រះសង្ឃគង់ចាំព្រះវស្សាមិនអាចនិមន្តទៅណាបាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ខេង ស៊ុម និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចំណោម បាននាំយកទានព្រះវស្សា និងបច្ច័យជាច្រើន របស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ វេរប្រគេងដល់ព្រះសង្ឃចំនួន៦វត្ត ស្ថិតក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទៅតាមទំនៀមទម្លាប់ ពុទ្ធសាសនា។
លោក ខេង ស៊ុម បានលើកឡើងថា គណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានរំដោះប្រទេសជាតិ និងពលរដ្ឋអោយរួចផុតពីរបបខ្មៅងងិត ហើយប្រែក្លាយ ប្រទេសជាតិ មានការរីកចំរើនគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រដោយឡែកសំរាប់ ខេត្តបន្ទាយមានជ័យមាន លោក ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ជាសមាជិកអចិន្ត្រៃយ៍ តែគិតគូជានិច្ចដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ។
ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាក មានជីវភាព និងលំនៅ ដ្ឋាន មិនសមរម្យឯកឧត្តម បានចាត់អោយក្រុមការចុះជួយជានិច្ចដូចជា ការផ្លាស់ប្តូរលំនៅ ដ្ឋានពីប្រក់ស្បូវមកប្រក់ ស័ង្កសី ព្រមទាំងបានឆ្លើយតបទាន់ពេលដល់ពលរដ្ឋដែលរងគ្រោះដោយខ្យល់ព្យុះ ។ មិនថែមតែប៉ុណ្ណោះក្នុងវិស័យពុទ្ធចក្រត្រូវបានលើកស្ទួយគាំទ្រយ៉ាងពេញទំហឹង ដូចជាការនាំយកទានព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៦វត្ត ក្នុង១វត្តបានទាន៦គូរ ថវិការ១០ម៉ឺនរៀល អង្ករ១២ការុង ស្លាដក់១២ មី១២កេះ ទឹកត្រី១២យូរ ទឹកស៊ីអ៊ីវ១២យូរ ទឹកក្រូច១២កេះ ទឹកសុទ្ធ៣០យូរ និងចែកជូនយាយជីតាជីចំនួន១០០នាក់ ក្នុងម្នាក់ទទួលបានសារុង១ ។
ជាញឹកញាប់ក្រុមការងារគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ខេង ស៊ុម និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចំណោមស្រុកមង្គលបូរី តែងចុះផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋពេលជួបការលំបាក ៕