ដើរឆ្លងថ្នាល់មិនប្រយ័ត្ន ត្រូវ រថយន្ដមិនស្គាល់ម៉ាក បុកស្លាប់មួយរំពេច
បាត់ដំបង ៖ បុរសម្នាក់ បានដើរឆ្លងថ្នល់មិនបានប្រុងប្រយ័ត្ន ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់មួយរំពេច កាលពីវេលាម៉ោង ៣ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុម ១៩ភូមិអណ្ដូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
យោងតាមប្រភពមួយចំនួន បាននិយាយថា នៅមុនពេលកើតហេតុ គឺទំនងជាជនរងគ្រោះ បានធ្វើដំណើរឆ្លងកាត់ផ្លូវដោយថ្មើរជើង ស្របពេលជាមួយគ្នានោះដែរ ក៏មានរថយន្តមួយគ្រឿង បានបើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត មិនបានស្គាល់ម៉ាក និងមិនបានឃើញស្លាកលេខ បានបុក ទៅលើជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលអោយបុរស រូបនេះ ប៉ើងជាច្រើនម៉ែត្រ ព្រមទាំងបានស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុតែម្តង ។ ក្រោយពេលកើតហេតុ មុនពេលដែល សមត្ថកិច្ចចុះទៅដល់ គឺរថយន្តបង្កបានបើក រត់គេចបាត់ស្រមោល ដោយបន្សល់តែសពជនរងគ្រោះដែលដេកក្នុងថ្លុកឈាមនៅលើ ផ្លូវជាតិតែប៉ុណ្ណោះ។
ប្រភពដដែល បានបញ្ជាក់ថា ជនរងគ្រោះ មាន ឈ្មោះ ចាន់ វែង ភេទប្រុស អាយុ៣៧ឆ្នាំ ដោយ សព និង ម្ដាយបង្កើតរបស់គេ រស់នៅជាមួយនឹងលោក ប៉ោ វិចិត្រ ជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលមានទីតាំងនៅភូមិហៃសាន ឃុំ ជ្រៃ ស្រុក ថ្មគោល ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ សាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ដោយឡែករថយន្តបង្ក ក៏សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវផងដែរ ដើម្បីនាំយកមក ដោះស្រាយតាមផ្លូវច្បាប់ ៕