អាជ្ញាធរខេត្តមណ្ឌលគិរី ធ្វើពិធី ដុតកម្ទេចថ្នាំញៀនជិត៤០០កញ្ចប់
មណ្ឌលគិរី៖ គ្រឿងញៀនបានបំផ្លាញអនាគត មនុស្ស ក៏ដូច ជាសង្គមជាតិ ត្រូវបាន អាជ្ញាធរខេត្តមណ្ឌលគិរី ធ្វើពិធីដុតកម្ទេចចោល ជិត៤០០កញ្ចប់ បន្ទាប់ពីធ្វើការដកហូត បាន ពីជនល្មើស នាពេលកន្លងមក ។ ការដុតកម្ទេចគ្រឿងញៀននេះ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះ ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជម្រុញឲ្យមន្ត្រីនគរបាលយុត្តិធម៌ មានកំលាំងប៉ូលិស កំលាំងកងរាជអាវុធហត្ថ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត សហការគ្នាទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀន ឲ្យបានដូចភ្លៀងរលឹម ។
លោក អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ខេត្តមណ្ឌលគិរីមានប្រជាជនចំនួនតិចតែករណីរីករាលដាលបញ្ហាគ្រឿងញៀនកើតមានច្រើនគួរអោយកតសំគាល់ ។ដូច្នេះ ប្រជាពលរដ្ឋ ត្រូវចូលរួមសហការគ្នាជាមួយ សមត្ថកិច្ច ដើម្បីទប់ស្កាត់ការជួញដូរ នឹងប្រើប្រាស់គ្រឿងញៀនអោយមានប្រសិទ្ធភាព ។
តាមរបាយការរបស់ស្នងការខេត្តមណ្ឌលគិរី លោក តូច យ៉ុន ស្នងការខេត្ត បានអោយដឹងថា ក្នុងឆមាសទី១ នេះ កម្លាំងស្នងការដ្ឋានខេត្តមណ្ឌលគិរី ធ្វើការបង្ក្រាបបានចំនួន៩ករណី នឹងបានឃាត់ខ្លួន មនុស្សបានចំនួន៣៤នាក់ បញ្ជូនទៅតុលាការ។
លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ស្ថាប័នអយ្យការ ខេត្តមណ្ឌលគិរី បានចាត់ការ លើសំណូមរឿង គ្រឿងញៀន ចំនួន៣០សំណុំរឿង នឹងរឹបអូសបានគ្រឿងញៀន បានចំនួន៣៩៩កញ្ចប់តូច និងធ្វើការដុតកម្ទេចចោល នាពេលនេះ ៕