១ខែសោះ សមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យជិត៧០នាក់ ពាក់ព័ន្ធគ្រឿងញៀន
តាកែវ ៖ ករណីជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងខេត្តតាកែវ កំពុងតែកក្រើកឡើងយ៉ាងខ្លាំងក្លា ជាក់ស្ដែងគ្រាន់តែ រយៈពេល១ខែមិថុនា កន្លងទៅនេះ សមត្ថកិច្ចខេត្តតាកែវ បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាង៦០នាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណី អ្នកជួញដូរ អ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងខេត្តតាកែវ ឆ្នាំ២០១៦ នេះមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយក្នុង ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការបង្ក្រាបព្រមទាំងក្តាប់ជនជាមុខសញ្ញាគ្រឿងញៀន បានចំនួន៦០៦នាក់ ក្នុងនោះ មុខសញ្ញាជួញដូរ ចំនួន៤៧នាក់ និង មុខសញ្ញាប្រើប្រាស់មានចំនួន៥៥៨នាក់។
របាយការណ៍ បានបន្តទៀតថា អ្នកដែលប្រើប្រាស់គ្រឿងញៀនច្រើនជាងគេគឺកម្មករ និងប្រជាពលរដ្ឋដែលមិនមានមុខរបបពិតប្រាកដ ដោយឡែកសិស្សសាលាគឺមានអ្នកប្រើប្រាស់តិចតួចប៉ុណ្ណោះ។ ដោយឡែកគ្រឿងញៀនដែលគេនិយមប្រើប្រាស់ជាងគេនៅក្នុងខេត្តតាកែវ គឺប្រភេទ មេអាំហ្វេតាមីន យ៉ាម៉ា ម៉ាទឹកកក និងកញ្ឆា ហើយក្នុងរយៈពេល១ខែមិថុនា កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបានចំនួន២៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៦៦នាក់ ស្រី៥នាក់ និងបានដកហូតវត្ថុតាងបានមួយចំនួន រួមមាន ៖ ម្សៅពណ៌សថ្លាចំនួន៥៩ក្រាម កញ្ឆាក្រៀមចំនួន៣,៧គីឡូក្រាម ម៉ូតូចំនួន២០គ្រឿង ទូរស័ព្ទដៃចំនួន២១គ្រឿង អាវុធខ្លី១ដើម អាវុធកែច្នៃ១ដើមព្រមទាំងលុយ និងសម្ភារៈមួយចំនួនធំទៀតផង។ ចំពោះជនសង្ស័យទាំងអស់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់។
បើតាមលោកសួន ផុន ស្នងការរងនគរបាលខេត្តតាកែវ បានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដើម្បីបង្ក្រាបគ្រឿងញៀននេះ ជាពិសេសសមត្ថកិច្ចនៅតាមមូលដ្ឋានត្រូវបានលោកស្នងការនគរបាលខេត្ត ក៏ដូចលោកអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យធ្វើការបង្ក្រាបឲ្យដូចភ្លៀង រលឹមនៅតាមមូលដ្ឋានរបស់ខ្លួន និងត្រូវចាត់ទុកបញ្ហាគ្រឿងញៀន
ជាបញ្ហាអាទិភាពទី១ ផងដែរ៕