បណ្តេញជនជាតិកូរ៉េ២៣នាក់ ចេញពីប្រទេសកម្ពុជា
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចបណ្តេញជនជាតិកូរ៉េ២៣នាក់ចេញពីប្រទេសកម្ពុជា ក្រោយពីតុលាការរកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើសបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណិត ។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ សម្រេចផ្ដន្ទាទោសបុរសជនជាតិកូរ៉េ២៣នាក់ ដាក់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ២ឆ្នាំ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារត្រឹម៥ខែប៉ុណ្ណោះ ។ ក្នុងការសម្រេចនេះ ចៅក្រមបានបណ្ដាញជនជាតិកូរ៉េទាំង២៣នាក់ ចេញពីប្រទេសកម្ពុជា ក្រោយការអនុវត្តទោសចប់ ។
នាពេលសវនាការ កន្លងទៅ ជនជាតិកូរ៉េ២៣នាក់ បានបដិសេធដូចៗគ្នាថា ពួកគេមកប្រទេសកម្ពុជា ក្នុងគោលបំណងបើកក្រុមហ៊ុនទេសចរណ៍និងក្រុមហ៊ុនលក់ទំនិញតាម Online តែប៉ុណ្ណោះ ពោលគឺពុំមែន មកបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត ដូចការចោទប្រកាន់របស់តុលាការនោះទេ ។
ក្រុមជនជាប់ចោទទាំង២៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកល្បែងស៊ីសងដោយខុសច្បាប់ប្រព្រឹត្តនៅផ្ទះលេខ១៥ផ្លូវសំរោងអណ្តែត និងផ្ទះលេខ២៧ផ្លូវលេខ១ភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញតាមមាត្រា៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បានបើកប្រតិបត្តិការចុះទៅឆែកឆេរផ្ទះលេខ១៥ផ្លូវសំរោងអណ្តែតនិងផ្ទះលេខ២៧ផ្លូវលេខ១ភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខដោយធ្វើការឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង បានចំនួន២៣នាក់ ពាក់ព័ន្ធការបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេត ៕