ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស
សៀមរាប៖ ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦នេះ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០១៦ យោងទៅតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ SHAN NON LEE ភេទស្រី អាយុ២១ ឆ្នាំ ជនជាតិកាណាដា ជាភ្ញៀវទេសចរណ៍ ត្រូវបានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូប របស់គាត់ នៅតាមផ្លូវសុខសាន្ត ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ។
ជនរងគ្រោះ បានបញ្ជាក់ថា ក្នុងកាបូបនោះមានទូរស័ព្ទ IPHONE6 មួយគ្រឿង, ប្រាក់ដុល្លារ១៧០ដុល្លារ, កាតឥណទានចំនួន០២សន្លឹក, កាតពិនិត្យសុខភាពចំនួន០១សន្លឹក។
លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹងជនរងគ្រោះ រួចមក លោកបានបញ្ជាដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ទី១ឈ្មោះ ពោត ភេទប្រុស អាយុ១៨ ឆ្នាំ ទី២ ឈ្មោះ ភឹម សំ ហៅគ្រី ភេទប្រុស អាយុ១៨ឆ្នាំ ក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាលយើង បានដកហូតបាននូវវត្ថុតាងមួយចំនួន ដូចជា ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ125 ផលិត នៅឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1R : 8563 ដែលជនសង្ស័យជិះធ្វើសកម្មភាព, ទូរស័ព្ទ IPHONE6 មួយគ្រឿង, ទូរស័ព្ទIPHONE5 មួយគ្រឿង, កាបូប០១ និងប្រាក់មួយចំនួនទៀត។
លោក បានបន្ដឲ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានកម្លាំងនគរបាលធ្វើការសាកសួរ និងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕