នគរបាល ចុះអប់រំផ្សព្វផ្សាយ ពីផលផលប៉ះពាល់នៃការលក់ដូរ នៅលើផ្លូវសាធារណៈ
ព្រះសីហនុ ៖ សមត្ថកិច្ច ខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយពីហានិភ័យ នៃការលក់សាំងនៅតាមដងផ្លូវសាធារណៈ នានាក្នុងខេត្តព្រះសីហនុ និងតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីបង្ការនៅពេលមានភ្លើងឆាបឆេះកើតឡើង ព្រមទាំងធ្វើការអប់រំពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងបង្ការទប់ស្កាត់ ។
យុទ្ធនាការចុះផ្សព្វផ្សាយនេះ បានធ្វើនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដោយលោក ញាន សារឿនប្រធានការិយាល័យសណ្តាប់ធ្នាប់សាធារណៈ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ ជាច្រើនរូបទៀត។
ក្នុងឱកាសចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈសំខាន់ៗ ក្នុងក្រុងព្រះសីហនុលោក ញាន សារឿន បានធ្វើការអប់រំ ពន្យល់ណែនាំម្ចាស់អាជីវកម្ម ដោយមិនអនុញ្ញាតិឲ្យយកដីចំណីផ្លូវសាធារណៈប្រកបធ្វើអាជីវកម្មជាដាច់ខាត។ចំពោះបញ្ហាហាងនិងភោជនីយដ្ឋានគ្រប់ប្រភេទត្រូវមានអ្នករៀបចំចំណតឡានសម្រាប់ភ្ញៀវចូល ចេញ ចៀសវាងការបង្កការកកស្ទុះចរាចរណ៍ដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រោះខេត្តព្រះសីហនុជាខេត្តទេសចរណ៍ ត្រូវមានសោភ័ណ ភាព បរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ឲ្យបានល្អប្រសើឡើងថែមទៀត។
លោក បានបន្តទៀតថា ជាបន្ត មន្ត្រីនគរបាលនឹងចុះធ្វើការអប់រំ ផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មនា នា និងអ្នកលក់សាំងដប និងអ្នកលក់ដុំ លក់រាយនៅតាមដងផ្លូវ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីធានាការស់នៅស្អាត សណ្តាប់ធ្នាប់ល្អ និងបរិស្ថាន ៕