តុលាការខេត្តព្រៃវែង សម្រេចដោះលែង ជនសង្ស័យរំលោភសម្លាប់ស្ត្រីចំណាស់ម្នាក់
ព្រៃវែង ៖ ប្រភពព័ត៌មាន បញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវៈរួចសម្លាប់ជនរងគ្រោះជាស្ត្រីចំណាស់ ត្រូវបានតុលាការខេត្តព្រៃវែង ដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីពេលថ្មីៗនេះ ។
មន្ត្រីតុលាការ បញ្ជាក់ថា មូលហេតុនៃការដោះលែងនេះ បន្ទាប់ពីការសាកសួររកពុំឃើញតម្រុយពិរុទ្ធភាពលើជនសង្ស័យ ។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ សហការជាមួយនគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យឈ្មោះ ហៀប សំណាង ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិស្មេរ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០៧ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ របស់លោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ក្រោមការចោទប្រកាន់ពីបទអំពើឃាតកម្មដោយមានទារុណកម្មរំលោភសេពសន្ថវៈ លើជនរងគ្រោះឈ្មោះ ខន់ ថុន ភេទស្រី អាយុ៥៦ឆ្នាំ ប្រព្រឹត្តនៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ។
ប៉ុន្តែក្រោយសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅតុលាការ នោះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង លោក មាស សុភក្តិ សម្រេចដោះលែងជនសង្ស័យឲ្យមានសេរីភាពឡើងវិញ ។
ពាក់ព័ន្ធករណីនេះ លោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានថ្លែងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ថា លោកពិតជាសម្រេចដោះលែងជនសង្ស័យឲ្យមានសេរីភាពឡើងវិញ ប្រាកដមែន ។ លោក មាស សុភក្តិ បន្ថែមថា មូលហេតុដែលនាំឲ្យមានការដោះលែងនេះ បន្ទាប់ពីតុលាការបានសាកសួរជនសង្ស័យ ហើយរកពុំឃើញតម្រុយពិរុទ្ធភាពលើជនសង្ស័យ ។ ទោះបីយ៉ាងណា លោក មាស សុភក្តិ បញ្ជាក់ថា សំណុំរឿងនេះនៅតែបន្ត ដដែល ដោយ នឹងត្រូវសាកសួរបុគ្គលពាក់ព័ន្ធមួយចំនួនទៀត ៕