ផ្ទៃដីរបស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កណ្តាល ត្រូវបានគេលួចលក់
ខេត្តកណ្តាល ៖ នេះជាវប្បធម៍របស់អ្នកមានអំណាច ដែលប្រកបមុខរបរចុះដើមតិចតួច ចំណេញមកវិញកប់ពពក ដោយសារតែមុខជំនួញលក់ ឬដោះដូរទីតាំងអចលនទ្រព្យសម្បត្តិរដ្ឋ។
ជាក់ស្តែងផ្ទៃដីប្រមាណ ១.៥ហិកតា របស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបានឧកញ៉ា នង សាវុធ ជាអ្នករត់ការដោះដូរទីតាំងខាងលើរួច លក់បន្តទៅអោយមេឈ្មួញ ចំណេញប្រាក់កប់ពពក។
សូមញ្ជាក់ថា ផ្ទៃដីរបស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល មានទីតាំង នៅតាមបណ្តោយផ្លូវលេខ២១០ ទល់មុខឈាងខាងត្បូងសាលាហេងតុង ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ បើនិយាយឲ្យចំដីនេះ ស្ថិតនៅក្នុងក្រុងតាខ្មៅ មានតម្លៃថ្លៃខ្លាំងណាស់ ហើយត្រូវបានគេលក់ ប្តូរទៅដីបឹងឆ្ងាយដាច់ស្រយ៉ាលវិញ ស្ថិតនៅខាងត្បូងផ្លូវចូលទៅវត្តក្របៅ ក្នុងដែនរដ្ឋបាលស្រុកស្អាង ។ ដីនេះវាមានតម្លៃថោក បើប្រៀបធៀបទៅវាខុសគ្នាដូចមេឃហើយនឹងដី ជាហេតុធ្វើអោយមហាជនសង្ស័យ
ថា ជាការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ដូច្នេះហើយគួតែរដ្ឋមន្ត្រីឡើងថ្មី ចុះអង្កេតមើលផង។
ពាក់ព័ន្ធនឹងព័ត៌មានលេចឮថា ផ្ទៃដីរបស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបានផ្លាស់ប្តូរនេះ ដែរអ្នកយកព័ត៌មានយើងបានទំនាក់ទំនង សុំការបំភ្លឺពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល លោកបានឆ្លើយតបថា ទីតាំងអង្គភាពខាងលើនេះ លោកឧកញ៉ានង សាវុធ ជាអ្នករត់ការផ្លាស់ប្តូរ ហើយការរត់ការដោះដូរនេះ គេធ្វើឡើងតាំងពីសម័យលោក មាស សឿន អតតីប្រធានមន្ទីរ និងមានការសម្រេចពីថ្នាក់លើ។ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ អ្នកយកព័ត៌មានយើង មិនអាចសុំការពន្យល់ពីលោកឧកញ៉ានង សាវុធ បានទេ ដោយសារមិនមានលេខ ទូរស័ព្ទធ្វើការទំនាក់ទំនង ៕