បុរសម្នាក់ ដើរដាក់អន្ទាក់សត្វ ជាន់លើមីនផ្ទុះដាច់ជើងចេញឆ្អឹង
បាត់ដំបង ៖ បុរសជនរងគ្រោះម្នាក់ រង របួសរហូតដាច់.ក ជើងឆ្វេងម្ខាង នៅសល់តែឆ្អឹង ខណៈដែលបុរសរូបនេះ បានដើរតាមដីចំការ ដើម្បីដាក់អន្ទាក់យកសត្វព្រៃ ដោយបាន ជាន់ទៅលើគ្រាប់មីនស្គរ និងធ្វើអោយផ្ទុះឡើង ដែលមើលទៅគួរអោយរន្ធត់ ។
សម្លេងផ្ទុះគ្រាប់មីននេះ បានលាន់ឮឡើងកាលពីវេលាម៉ោង ១០:០០នាទី ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភ្នំណាំសាប ស្ថិតក្នុងភូមិ អូរត្រាវជូរ ឃុំ សេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានកាត់ផ្តាច់ជើងម្ខាង របស់បុរសម្នាក់ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បាននិយាយថា ដីចំការ នៅក្នុងតំបន់នេះគឺប្រជាពលរដ្ឋបានដាំដំណាំរៀងរាល់ឆ្នាំ ប៉ុន្តែមិនដែលមានបញ្ហាអ្វី នោះឡើយ លុះនៅព្រឹកថ្ងៃកើតហេតុ ក៏ស្រាប់តែមានការផ្ទុះគ្រាប់មីនបែបនេះទៅវិញ ដែលធ្វើអោយជើងឆ្វេងម្ខាងរបស់ជនរងគ្រោះត្រូវបានដាច់សល់តែឆ្អឹង ។
ជនរងគ្រោះមានឈ្មោះ ឈឿន គឹមហុង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ ដំណាក់ក្សាន្ត ឃុំ បួរ ស្រុក ភ្នំព្រឹក ដោយមានមុខរបរដើរដាក់អន្ទាក់សត្វនៅតាមដីចំការ និងតាមព្រៃ ហើយក៏បានជាន់លើគ្រាប់មីនដែលបន្សល់ពីសម័យមុន ធ្វើអោយរងរបួសយ៉ាងធ្ងន់ធ្ងរ តែក៏ត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងស្រុកដើម្បីសង្គ្រោះ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានអោយដឹងថា គ្រាប់មីននេះ គឺជាប្រភេទគ្រាប់មីនស្គរ ដែលអាចផ្ទុះឡើងបាននៅពេលដែល មានអ្វីមួយទៅសង្កត់លើវា ហើយពេលនេះមនុស្ស កំពុងធ្វើការសង្គ្រោះ ៕