ទុស្សេខ្សែភ្លើងឆាបឆេះ ផ្ទះពលរដ្ឋ២ខ្នងអស់ស្ទើរទាំងស្រុង ប្រើប្រាស់ឡានទឹកអស់០៤ឡាន
សៀមរាប៖ លំនៅឋានប្រជាពលរដ្ឋចំនួន០២ខ្នង នៅក្បែគ្នាត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ដោយសារទុស្សេខ្សែភ្លើង ត្រូវបានសមត្ថកិច្ចជួយពន្លត់ទាន់ពេល មិនបណ្ដាល ឲ្យរាលដាលទៅផ្ទះអ្នកដ៏ទៃទៀត នោះទេ។
ករណីនេះ កើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១១ខែ កក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
បើតាមការឲ្យដឹងពីលោកអនុសេនីយ៍ឯក ពេជ្រ សាមោល នាយប៉ុស្តិ៍នគរបាល សង្កាត់សាលាកំរើកបានឲ្យដឹងថា ករណីខាងលើនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើងនៅផ្ទះឈ្មោះ ម៉េង សៀង ភេទប្រុស អាយុ៣៦ឆ្នាំដែលមានមុខរបរជាជាងជួសជុលទូរទឹកកក និងម៉ាស៊ីនត្រជាក់ ជា ផ្ទះតៀមធ្វើអំពីថ្ម ប្រក់ស័ង្កសី មានទំហំ ៤គុណ៦ម៉ែត្រ ហើយបានបន្តឆេះរាលដាលដល់ផ្ទះមួយខ្នងទៀតដែលនៅក្បែរ នោះធ្វើអំពីថ្មក្រោម ឈើលើប្រក់ស័ង្កសី មានទំហំ៤គុណ៦ម៉ែត្រ ម្ចាស់ផ្ទះ ឈ្មោះ ចាន់ ថុន ហៅយួន ភេទប្រុសអាយុ៤៨ឆ្នាំ ឆេះឈើលើទាំងស្រុង។
លោក បានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ភ្លាមកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប និងកម្លាំងការិយាល័យនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តរួមទាំងបងប្អូនប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថផងដែរ បានជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ តែដោយស្ថានភាពផ្លូវតូចចង្អៀតទើបកម្លាំងសមត្ថកិច្ចនគរបាលយើងមិនអាចចូលឡានទៅដល់ក្បែរនោះ ដើម្បីជួយពន្លត់ឲ្យបានទាន់ពេល នៅម៉ោង៨និង៥០នាទី ហើយពុំបណ្ដាលឲ្យនរណាម្នាក់ រងគ្រោះ ក្នុងករណីនេះទេ។
លោកបន្តថា ទំហំនៃការខូចខាងកម្លាំងសមត្ថកិច្ចយើងមិនទាន់បានដឹងនៅឡើយទេការបាញ់ទឹកពន្លត់នេះ កម្លាំងសមត្ថកិច្ចនគរបាលយើងប្រើប្រាស់ឡានទឹកបាញ់អស់ចំនួន០៤ឡាន៕