ចោរថ្លើមធំ បំពុលឆ្កែងាប់អស់១៣ក្បាល ចូលលួចម៉ូតូមួយគ្រឿងដោយរលូន
ពោធិ៍សាត់ ៖ ក្រុមចោរថ្លើមធំ ប្រើល្បិចដដែល គឺប្រើថ្នាំបំពុលសម្លាប់ឆ្កែ ចូលលួចទ្រព្យសម្បត្តិអ្នកភូមិ យកអស់ម៉ូតូមួយគ្រឿង ដោយសុវត្ថិភាព ឆ្កែចំនួន១៣ក្បាល បានងាប់ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ម៉ូតូដែលត្រូវចោរលួចយកពីទៅបាត់នោះជាប្រភេទឌ្រីមសង់ ពណ៌ ខ្មៅស្លាក់លេខ ពោធិ៍សាត់ 1D-04.78 ជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះ ថន ធីប អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះគង់ អ៊ីន អាយុ៤៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ឆ្កែគ្រួសារ ងាប់ មួយក្បាល និង ឆ្កែអ្នកភូមិជាប់គ្នាត្រូវពួកក្រុមចោរ បំពុលងាប់ឆ្កែអស់ចំនួន១២ក្បាលថែមទៀត។
មន្ត្រីនគរបាលមូលដ្ឋានឃុំតាលោ បានបន្ដថា ក្រោយពេលកើតហេតុនគរបាលយើងបានចុះដល់ផ្ទះរងគ្រោះ និងតាមក្រុមចោរ នេះដែរ តែពួកគេធ្វើសកម្មភាពបំពុលឆ្កែរួច ហើយលួចម៉ូតូយកទៅបាត់នេះ ប្រហែលជាមុនពេលម្ចាស់ផ្ទះដឹង ប្រមាណជា១ម៉ោង កន្លះ ទៅ២ម៉ោង តែយ៉ាងណាខាងនគរបាលយើងបានបន្តស្រៀវជ្រៀវ រុករកក្រុមចោរកម្មនេះមកផ្ដន្ទាទោសតាមច្បាប់។
ទាក់ទងនិងអំពើចោរកម្មលូចម៉ូតូមួយគ្រឿងហើយបំពុលឆ្កែងាប់រហូតដល់១៣ក្បាលរបស់ម្ចាស់ម៉ូតូនិងអ្នកភូមិនៅក្បែរ ធ្វើឲ្យពលរដ្ឋនៅស្រុកបាកាន រអានិងនិយាយតៗគ្នា ដោយពួកគាត់មានការភ័យខ្លាច ពីអសន្តិសុខក្នុងភូមិឃុំរបស់ពួកគាត់ជាពិសេសគឺពេលយប់ ដោយសូមឲ្យនគរបាលមូលដ្ឋាន បង្កើនការប្រុងប្រយ័ត្នជាមួយប្រជាការពារភូមិ នាំគ្នាដើរ ល្បាតផង ដើម្បីឲ្យពួកគាត់ស្ងប់ចិត្ត ព្រោះខ្លាចបាត់បង់ទ្រព្យសម្បត្តិពួកគាត់ខ្លាំងណាស់ នៅពេលឃើញភាពជាក់ស្ដែងបែបនេះ៕