រថយន្ដដឹកត្រី៣គ្រឿង ត្រូវមន្ដ្រីជលផលខេត្តក្រចេះ ចុះបង្ក្រាប ដកហូត ត្រីរាប់រយគីឡូ
ក្រចេះ ៖ នៅក្នុងដើមរដូវបិទនេសាទនេះ គេសង្កេតឃើញ សកម្មភាពដឹកបទល្មើសនេសាទនៅភូមិសាស្ដ្រស្រុកសំបូរ កើតមានយ៉ាងគគ្រឹកគគ្រេង តែមន្ដ្រីជលផល ដូចភ្ញាក់ពីដេក ចុះបង្ក្រាប រថយន្តដឹកបទល្មើស បាន៣គ្រឿង រឹបអូសត្រីរាប់រយគីឡូក្រាម។
មន្ដ្រីជលផលក្រចេះ បានឲ្យដឹង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៦នេះថា មានបទល្មើសកើតឡើងជាច្រើន ក្នុងស្រុកសំបូរ ជាពិសេសនៅចំណុចភូមិកោះខ្ញែ ឃុំអូរគ្រៀង ដែលជាចំណុចដ៏ក្ដៅគកុក ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនត្រី ចម្រុះគ្រប់ប្រភេទ ចេញពីស្រុកសំបូរ នៃទឹកដី ខេត្តក្រចេះ ឆ្ពោះទៅខេត្តស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ។
ប្រភព ដដែល បានបន្តថា ករណីបង្ក្រាបខាងលើនោះ សមត្ថកិច្ច បានចាប់ឃាត់រថយន្តដឹកបទល្មើសបានចំនួន ៣គ្រឿង ក្នុងនោះរថយន្តសាំងយ៉ុង ២គ្រឿង និងរថយន្តកាមរីគូទស្វិតចំនួន ១គ្រឿង ដោយក្នុងរថយន្តនីមួយៗ មានផ្ទុកត្រីចម្រុះ ចាប់ពី ៥០ទៅ៧០គីឡូក្រាម ដែលជាប្រភេទ ត្រីខ្អែក ត្រីក្របី និងមេត្រីពូជជាច្រើនប្រភេទទៀត។ ក្រោយ ពេល បង្ក្រាប រថយន្តបទល្មើសទាំង ៣គ្រឿង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់ ស្ដីពីជលផល៕